ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់ របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាព សម្បូរបែប ពោរពេញដោយកាលានុវត្តភាព ភាពកក់ក្តៅ និងដើម្បីអបអរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ១៣-១៤-១៥ កើត ខែ មិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣-១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត នាពេល ឆាប់ៗខាងមុខនេះ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ ប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរទាំងអស់ ដូចតទៅ៖
-ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាម មូលដ្ឋានអាជីវកម្ម
-ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្ម របស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និង យានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ
-ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គ ទាំងបី ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង
-រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករ ទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
-ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃនិង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍
-ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបាន ល្អប្រសើរ
-ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមាន ឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗពិសេសស្នើសុំឱ្យមានការបញ្ចូលលក្ខណៈជាខ្មែរ
-ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបាន ញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ ក្រដាស ជាដើម។ សូមបែងចែង រវាងបន្ទប់ទឹកប្រុស-ស្រី និងរក្សាឱ្យមានសុវត្ថិភាព
-ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលរួមឱ្យបានសកម្មនូវយុទ្ធនាការ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”
-ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទទួលបានសេចក្តីណែនាំនេះ ប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរទាំងអស់ និងមន្ទីរទេសចរណ៍ ខេត្តតំបន់ឆ្នេរ ត្រូវចូលរួមសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តតាមសេចក្តីណែនាំនេះ ប្រកប ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕
ដោយ៖ តារា