ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិក-កូរ៉េខាងត្បូង, រុស្ស៊ី-ចិនធ្វើសមយុទ្ធជាបន្តបន្ទាប់

ចែករំលែក៖

អាមេរិកនិងកូរ៉េខាងត្បូងម្ខាងទៀតរុស្ស៊ី និងចិនបានធ្វើសមយុទ្ធជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

កាលពីថ្ងៃទី២២ ខែសីហា អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការចូលរួមពីកម្លាំងទាហានជាង៧៥ពាន់នាក់ក្នុងនោះមាន ទាហានកូរ៉េខាងត្បូង៥មឺុននាក់ ចំណែក ទាហានអាមេរិកមាន២៥ពាន់នាក់។ ការធ្វើសមយុទ្ធនោះអូសបន្លាយរហូតដល់ថ្ងៃទី២ខែកញ្ញា ដើម្បីបង្កើនសមត្ថភាពការពារ និងរក្សាសន្តិសុខស្ថិរភាពនៅឧបទ្វីបកូរ៉េ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ កូរ៉េខាងជើង បានព្រមានថា នឹងបើកការវាយប្រហារ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធខាងលើ ដោយចោទប្រកាន់ថា ការធ្វើសមយុទ្ធនោះជាការឌឺដងសម្រាប់សង្គ្រាមបរមាណូ ប្រឆាំងកូរ៉េខាងជើង។ ការគំរាមកំហែង បែបនេះរបស់កូរ៉េខាងជើងមិនមែនជាលើក ទីមួយឡើយ គឺរាល់ពេលអាមេរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធកូរ៉េខាងជើងតែងតែគំរាមកំហែងបែបនេះ។

ក្រៅពីធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយ ធំប្រទេសទាំង២ក៏មានសមយុទ្ធ ប្រចាំឆ្នាំ ដែលមានឈ្មោះថា Ulchi Freedom Gua- rdian ។ សមយុទ្ធនោះគឺហាត់សមនៅលើកុំព្យូទ័រធ្វើដូចជាការវាយប្រហារពិតៗពី សំណាក់កូរ៉េខាងជើង។ សមយុទ្ធហាត់ សមរួមគ្នារវាងទាហានអាមេរិកនឹងកូរ៉េ ខាងត្បូងដែលមានគ្នាចំនួនទាំងអស់៨ម៉ឺននាក់ជារៀងរាល់ឆ្នាំតែងតែបង្កើនកម្តៅនៃភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសនៅឆ្នាំនេះតែម្តងដែលស្ថានភាពនៅក្នុង តំបន់បានធ្លាក់ចុះដុនដាប។

ម្យ៉ាងទៀតបន្ទាប់ពីព្យុងយ៉ាងបានបាញ់ សាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនជាបន្ត បន្ទាប់គ្នារហូតមកដល់លើកទីបួនកាលពីខែមករាកន្លងមកក្រុមអ្នកជំនាញខ្លះជឿ ជាក់ថា ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង ពីរនេះកាន់តែតានតឹងខ្លាំងជាងមុនចាប់ តាំងពីទសវត្សឆ្នាំ១៩៧០។ ទោះបីជាវ៉ា ស៊ីនតោននិងសេអ៊ូលខិតខំបញ្ជាក់អះអាង ថា “សមយុទ្ធរបស់ខ្លួនដែលមានគោលដៅដើម្បីបង្ការការពារខ្លួនដ៏សុទ្ធសាធក្តីក៏ព្យុងយ៉ាងនៅតែមិនសុខចិត្តនិងនៅតែចាត់ ទុកថា ជាការបង្កហេតុដដែល។

មួយវិញទៀតព្យុងយ៉ាងកំពុងតែមួម៉ៅក្តៅក្រហាយចិត្តរួចទៅហើយ ក្រោយពីមាន រលករត់ចោលស្រុកនាពេលថ្មីៗនេះ ជា ពិសេសពុំមាននរណាក្រៅពីឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅប្រទេសអង់គ្លេសឡើយ។ ដូច្នេះហើយបានជាព្យុង យ៉ាងខំស្រែកយកលេសថា សមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូងនេះជាការបង្កហេតុពិតៗ ដើម្បីប្រឆាំងកូរ៉េខាងជើង។

ទន្ទឹមនេះទៀតកងទ័ពប្រជាមានិតកូរ៉េខាងជើងនៅក្នុងសេចក្តីជូនដំណឹងមួយរបស់ ខ្លួនបានប្រកាសជូនដំណឹងថា អង្គភាពកងទ័ពកូរ៉េខាងជើងដែលកំពុងដាក់នៅតាម ព្រំដែនបានត្រៀមខ្លួនជាស្រេចក្នុងការបើក ការវាយប្រហារបង្ការខ្លួនប្រឆាំងទល់នឹង កម្លាំងសត្រូវទាំងឡាយដែលបៀតបៀនប្រទេសខ្លួន។

ក្នុងថ្ងៃជាមួយគ្នានោះដែរ សារព័ត៌មាន Tass បានផ្សាយថា រុស្ស៊ីនិងចិនបានឯកភាព គ្នាលើគម្រោងធ្វើសមយុទ្ធរួមចាប់ពីថ្ងៃទី ១២ ខែកញ្ញាដល់ថ្ងៃទី១៩ខែកញ្ញា។ នៅ ក្នុងយុទ្ធសាស្ត្រធ្វើសមយុទ្ធនោះកម្លាំង ទាហានជើងទឹករបស់រុស្ស៊ីប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក និងកម្លាំងទាហានជើងទឹកចិន នឹងធ្វើសមយុទ្ធមានគម្រោងវាយប្រហារ ចូលដីគោកក្នុងតំបន់សមុទ្រចិនភាគខាងត្បូង។

ចំណុចដែលចាប់អារម្មណ៍សារព័ត៌ មាន AP បានផ្សាយថា កម្លាំងទាហានជើង ទឹកចិននឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅមិនឆ្ងាយប៉ុន្មានពីសមុទ្រវៀតណាម។ សកម្ម ភាពខាងលើអាចធ្វើឲ្យស្ថានភាពនៅដែនសមុទ្រចិនភាគខាងត្បូងកាន់តែតានតឹងខ្លាំងឡើងៗ។

សកម្មភាពរបស់ប្រទេសមហាអំណាចបង្កការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចមាន សង្គ្រាមកើតឡើងហើយរាលដាលជាទ្រង់ទ្រាយធំនៅក្នុងតំបន់និងនៅលើពិភពលោក ក្លាយទៅជាសង្គ្រាមលោកលើកទី៣។

គម្រោងធ្វើសមយុទ្ធរបស់ចិននិងរុស្ស៊ីបានធ្វើឲ្យគេនឹកឃើញដល់គម្រោងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើង វិញរបស់រុស្ស៊ីនិងចិន។ ការរៀបចំបានលុះត្រាតែមានសង្គ្រាមលោកកើតឡើង ហើយរុស្ស៊ីនិងចិនយកឈ្នះក្នុងសង្គ្រាមនោះក្លាយ ជាមហាអំណាចលើពិភពលោកទើបអាចសម្រេចក្តីស្រមៃក្នុងការរៀបចំពិភពលោកឡើងវិញ។

នៅពេលនេះប្រទេសមហាអំណាច បានត្រៀមលក្ខណៈសម្រាប់សង្គ្រាមជា ទ្រង់ទ្រាយធំដែលអាចកើតឡើងគ្រប់ ពេលវេលា។ ក្នុងនោះអាមេរិកបានបង្កើនខែលមីស៊ីលការពារទាំងនៅក្នុងតំបន់អឺរ៉ុបនិងអាស៊ីក្នុងនោះមានប្រទេសកូរ៉េខាងជើង ជាដើម។

ជាមួយគ្នានេះចិនបានស្នើដល់ពលរដ្ឋត្រៀមធ្វើសង្គ្រាមបរមាណូ ចំណែករុស្ស៊ី វិញបានសាងសង់លេណដ្ឋានសម្រាប់ ពលរដ្ឋលាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើង។ ដោយឡែកអាល្លឺម៉ង់វិញបានស្នើដល់ពលរដ្ឋរបស់ខ្លួនត្រៀមស្បៀង អាហារទុកបរិភោគឲ្យបាន១០ថ្ងៃខ្លាចមានហេតុការណ៍អាក្រក់កើតឡើង។

សារព័ត៌មាន Frankfurter Allgemeine Sonntagszeitung (AFS) កាលពីថ្ងៃទី២១ខែសីហាបានដក់ស្រង់ការប្រកាសរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ដោយស្នើឲ្យពលរដ្ឋរក្សាស្បៀងអាហារទុកប្រើប្រាស់ឲ្យ បាន១០ថ្ងៃយ៉ាងតិចខ្លាចមានអាសន្នកើតឡើងជាយថាហេតុ។ នៅក្នុងការប្រកាសនោះក៏បានបញ្ជាក់ផងដែរថា ពលរដ្ឋត្រូវ រក្សាទុកទាំងអាហារនិងទឹកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងពេលមានអាសន្ន។ ក្រៅពីនេះក៏មានបរិក្ខារថ្នាំពេទ្យសម្រាប់ដោះស្រាយបញ្ហាបណ្តោះអាសន្ន។

តាមការប្រកាសរបស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃអាល្លឺម៉ង់បញ្ជាក់ថា គម្រោងខាងលើនឹងត្រូវសភាអនុម័តនៅថ្ងៃទី២៤ខែសីហា ប៉ុន្តេមិនបានបញ្ជាក់លម្អិតពីព័ត៌មានខាងលើនោះឡើយ។

ការស្នើរបស់រដ្ឋាភិបាលអាល្លឺម៉ង់បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋនៅក្នុងប្រទេសនិងនៅជុំវិញពិភពលោក ពីសង្គ្រាមលោកលើកទី៣អាចកើតឡើង ក្នុងពេលឆាប់ៗនេះ។

ការប្រកាសខាងលើស្របពេលដែល ចិនធ្វើសមយុទ្ធទប់ទល់សង្គ្រាមបរមាណូ និងស្នើពលរដ្ឋត្រៀមខ្លួនក្នុងការធ្វើសង្គ្រាម បរមាណូ។ ចំណែករុស្ស៊ីវិញបានសាង សង់លេណដ្ឋានធំៗជាច្រើនកន្លែងនៅក្រោមដីដើម្បីទុកឲ្យពលរដ្ឋទៅលាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើងអាចរក្សាជីវិតបាន៕ ម៉ែវ សាធី

 

tap-tran-bien-dong-0717 RussiaChinaExercises 5-fd7c6
សូមអានបន្ត ៖​សហរដ្ឋអាមេរិកបញ្ជូនយន្តហោះចម្បាំងបំបាំងកាយF-35ទៅកាន់ជប៉ុន


ចែករំលែក៖