ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកបញ្ជូនយន្តហោះចម្បាំងបំបាំងកាយF-35ទៅកាន់ជប៉ុន

ចែករំលែក៖

 

F-35-double-break-820x450

រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២២ ខែ សីហាបានឲ្យដឹងថា អាមេរិកមានគម្រោងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ១៦គ្រឿងប្រភេទ F-35 ទៅកាន់ទីតាំងយោធា នៅក្នុងខេត្ត Yamaguichi ប្រទេសជប៉ុន។ នេះជាលើកទី១ហើយដែលអាមេរិកបញ្ជូនយន្តហោះចម្បាំងបំបាំងកាយទៅក្រៅប្រទេសដើម្បីបំពេញតាមការសន្យាជាមួយ ជប៉ុននៅក្នុងការធ្វើឲ្យមានតុល្យភាពយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយ ថា មន្ត្រីទីក្រុង Iwakuni ស្ថិតនៅខេត្ត Yamaguchi បានត្រៀមលក្ខណៈទទួលស្វាគមន៍យន្តហោះចម្បាំងបំបាំងកាយអាមេរិក ដើម្បីជួយការពារដែនអធិបតេយ្យរបស់ជប៉ុនក៏ដូចជាការពារសន្តិសុខដូចកិច្ចព្រមព្រៀងការពាររបស់អាមេរិកនិងជប៉ុន។ ការដាក់ពង្រាយយន្តហោះនោះធ្វើឡើង២លើក មួយលើក១០គ្រឿងនិងមួយលើកទៀត៦គ្រឿង។

យន្តហោះចម្បាំងខាងលើជាប្រភេទ យន្តហោះទំនើបដែលផលិតឡើងដោយក្រុមហ៊ុន Lockheed Martin របស់ អាមេរិក។ យន្តហោះនោះមានប្រព័ន្ធបំបាំង កាយគេចផុតពីរ៉ាដារបស់សត្រូវក៏ដូចជាប្រព័ន្ធធ្វើឲ្យរ៉ាដារបស់សត្រូវចាប់មិនបាន។ លើសពីនេះទៅទៀតយន្តហោះនេះមានល្បឿនលឿនជាងយន្តហោះចម្បាំង នានា។

គម្រោងដាក់យន្តហោះចម្បាំងបំបាំងកាយនៅទីតាំងប្រទេសជប៉ុននិងកូរ៉េខាងត្បូងត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter ប្រកាសកាលពីខ ែមេសា ឆ្នាំ២០១៦ ។ ពេលនោះដែរ ប្រធានាធិបតីអូបាម៉ាក៏បានសន្យាថានឹងការពាររដ្ឋាភិបាលទីក្រុងតូក្យូគេចផុតពីការគំរាមកំហែងរបស់សត្រូវ។

ទីតាំងយោធាអាមេរិកនៅ Iwakuni ក៏ នឹងទទួលយន្តហោះចម្បាំង៥៩គ្រឿងផ្សេងទៀតដែលបញ្ជូនពីទីតាំង Atsugi ស្ថិតក្នុងខេត្តកាណាហ្គាវ៉ា នៅឆ្នាំ២០១៦។ ទាំងនោះជាសកម្មភាពបង្កើតកម្លាំងការពារដល់ប្រទេសជប៉ុនក្នុងពេលដែលសន្តិសុខជប៉ុនកំពុងរងការគំរាមកំហែងពីកូរ៉េខាងជើងនិងចិន។

ការប្រកាសបញ្ជូនយន្តហោះរបស់អាមេ រិកកើតឡើងចំពេលដែលចិនបានគំរាមជប៉ុនថា នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងទៅនឹងប្រទេសជប៉ុនប្រសិនបើទីក្រុងប៉េកាំងត្រូវបានបង្ខំឲ្យធ្លាក់ចូលក្នុងផ្លូវទ័លក្នុងវិវាទសមុទ្រចិនភាគខាងត្បូង។

សារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីថ្ងៃទី២១ ខែសីហាបានដកស្រង់ប្រភពព័ត៌មានពីប្រទេសជប៉ុនឲ្យដឹងថា ចិនបានផ្ញើការព្រមានដល់មន្ត្រីជាន់ខ្ពស់ជប៉ុនកុំឲ្យជ្រៀតជ្រែកចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូង អាចនឹងត្រូវប៉ះទង្គិចគ្នាដោយហិង្សា។

អគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនលោក Cheng Yonghua បានបញ្ជាក់ថា ទីក្រុងតូក្យូ បានឆ្លងផុតបន្ទាត់ក្រហម ដោយបានទៅចូលរួមសកម្មភាពដឹកនាំដោយអាមេរិកនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង ។

ទាំងនោះហើយអាចធ្វើឲ្យទំនាក់ទំនងរវាងចិននឹងជប៉ុនកាន់តែតានតឹងជាងនេះ ។

លោក cheng yonghua បញ្ជាក់ទៀតថា ទីក្រុងប៉េកាំងនឹងត្រូវប្រើប្រាស់កម្លាំងយោធាប្រសិនបើត្រូវបង្ខំឲ្យដើរចូលផ្លូវទ័លនោះ។ ទន្ទឹមនឹងនោះមន្ត្រីការបរទេសចិនក៏បានព្រមានផងដែរថា នឹងមិនមានការយោគយល់ពីអធិបតេយ្យភាព ហើយនឹងប្រើកម្លាំងយោធាដើម្បីការពារ។

រដ្ឋាភិបាលទីក្រុងតូក្យូមិនជាប់ពាក់ព័ន្ធនឹងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ប៉ុន្តែចិននិងជប៉ុនមានវិវាទប្រជុំកោះសេនកាគូនៅសមុទ្រចិនភាគខាងកើតដែលចិនកំពុងតែទាមទារពីជប៉ុនមកវិញ។ កោះសេនកាគូត្រូវបានចិនចាត់ទុកថាជប៉ុនដណ្តើមគ្រប់គ្រងនៅក្នុងសង្គ្រាមលោកលើកទី២រហូតមកទល់ពេលនេះ៕ ម៉ែវ សាធី


ចែករំលែក៖