ខេត្តព្រះសីហនុ៖ សង្ឃ១អង្គត្រូវបានចាប់ផ្សឹកដោយមន្ត្រីមន្ទីរធម្មការនិងសាសនា ខេត្តព្រះសីហនុបន្ទាប់ពីបើករថយន្តបត់មិន ប្រយ័ត្នទៅបុកម៉ូតូ២គ្រឿងបណ្តាលឲ្យ មនុស្ស៤នាក់រងរបួសកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ នៅលើដងផ្លូវឯករាជ្យត្រង់ចំណុច ជិតស្ពានអូរសំអាត សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ ។
លោក ព្រហ្ម ពៅ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា អ្នកបើកបរដែលបើករថយន្តបុកម៉ូតូ២គ្រឿងឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ហើយត្រូវបានចាប់ផ្សឹកចាត់ការតាមច្បាប់ ឈ្មោះ យុ សុទិ អាយុ២៣ឆ្នាំ មានស្រុក កំណើតនៅភូមិភ្នំតូច ឃុំរលាំងចក ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាព្រះ សង្ឃគង់នៅវត្តរុក្ខារាម ស្ថិតក្នុងឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកបានឲ្យដឹងទៀតថា នៅមុនពេល កើតហេតុព្រះសង្ឃអង្គនេះបានបើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ 1Z-7137 ហើយពេល មកដល់ចំណុចកើតហេតុក៏បើកបត់ ត្រឡប់ទៅក្រោយទៅបុកម៉ូតូចំនួន២ គ្រឿងតែម្តង។ លោកបានបន្តថា ម៉ូតូ១ គ្រឿងដែលត្រូវរថយន្តបើកបុកម៉ាក AIR BLADE ពណ៌ទឹកប្រាក់បើកបរដោយ បុរសជនជាតិឥណ្ដូនេស៊ីឈ្មោះCANDRA ភេទប្រុស អាយុ៣៥ឆ្នាំ និងអ្នករួមដំណើរ ២នាក់ទៀតឈ្មោះ FEMANDO ភេទ ប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ WELSEN ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៣នាក់ជា បុគ្គលិកកាស៊ីណូដាយមិនស៊ី ។ រីឯម៉ូតូ១ គ្រឿងទៀតម៉ាក TODAY ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះ ស៊ាន ឆាយឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្រុម១ ភូមិ៣ សង្កាត់លេខ៣ ក្រុង- ខេត្ត ព្រះសីហនុ ។
មន្ត្រីនគរបាលចរាចរដែលចុះទៅកាន់កន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពី កើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង៤នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ ។ រីឯរថយន្តនិងម៉ូតូ ២គ្រឿងត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីដោះស្រាយតាមច្បាប់។
នៅព្រឹកថ្ងៃទី២៣ ខែសីហាលោកព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ព្រះសង្ឃដែលបើក បររថយន្តបង្កឲ្យមានមនុស្ស៤នាក់រងរបួស ធ្ងន់ស្រាលត្រូវបានផ្សឹកដោយមន្ត្រីធម្មការ និងសាសនា ហើយសមត្ថកិច្ចនឹងបញ្ជូន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះទៅ តុលាការដើម្បីចាត់ការតាមច្បាប់ ។
បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកអ្នកបើកបរយានជំនិះគ្រប់ប្រភេទបង្កឲ្យ មានមនុស្សស្លាប់និងរបួសនោះអ្នកបង្កត្រូវមានទោសទណ្ឌនេះមិនទាន់គិតដល់អ្នក បើកបរមានឬគ្មានបណ្ណបើកបរផង។ ដូច្នេះមន្ត្រីអនុវត្តច្បាប់ត្រូវពិនិត្យសំណុំរឿងនេះដើម្បីដាក់ទោសទណ្ឌដល់ជនបង្កឲ្យបានតឹងតែងជៀសវាងមានសង្ឃឯទៀតយក គំរូតាមធ្វើឲ្យខូចដល់វិស័យព្រះពុទ្ធសាសនា និងម្យ៉ាងទៀតដោយសារសង្ឃអង្គនេះ ហើយទើបព្រះសង្ឃឯទៀតស្ទើរដាច់ចង្ហាន់ ព្រោះតែធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនានោះ ៕ ឆ្លាមសមុទ្រ
សូមអានបន្ត ៖ បញ្ជ្រាបយេនឌ័រនិងចែកអំណោយជូនគ្រួសារយុទ្ធជនជួបការលំបាក១០គ្រួសារនៅយោធភូមិភាគ៣