ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១.៨០០នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅប្រទេសហ្វុីលីពីន

ចែករំលែក៖

សម្ពន្ធមិត្តរបស់ហ្វុីលីពីនគឺអាមេរិក បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងក្រោយ ទទួលបានព័ត៌មានថា ក្នុងរយៈពេលខ្លីហ្វុីលីពីនបានសម្លាប់មនុស្សរហូតដល់១.៨០០ នាក់នៅក្នុងសង្គ្រាមកម្ចាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

ក្នុងរយៈពេលជិតពីរខែកន្លងមកចាប់តាំងពីប្រធានាធិបតី Rodrigo Duterte ឡើង កាន់តំណែងជាប្រធានាធិបតីគឺមានមនុស្ស ស្លាប់ដល់ទៅជាង១.៨០០នាក់ក្រៅប្រព័ន្ធតុលាការក្រោយពេលដែលលោកបានចេញ បញ្ជាបោសសម្អាតក្រុមជួញដូរគ្រឿងញៀន ដោយអនុញ្ញាតឲ្យប៉ូលិសបាញ់សម្លាប់ដោយ មិនមានទោសឡើយ។

កាលពីថ្ងៃទី២១ ខែសីហា ប្រធានាធិបតី ហ្វុីលីពីនបានប្រឆាំងទៅនឹងការថ្កោលទោស របស់អង្គការសហប្រជាជាតិពីសកម្មភាពសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងការប្រឆាំង គ្រឿងញៀននៅក្នុងប្រទេសនេះ។

ចំណែកអាមេរិកវិញអ្នកនាំពាក្យក្រសួង ការបរទេសលោក Mark Toner បានជំរុញ ឲ្យប្រធានាធិបតី Duterte គោលរពពេញលេញនូវសិទ្ធិមនុស្សផងនៅក្នុងសង្ក្រាមប្រឆាំងការជួញដូរគ្រឿងញៀនរបស់លោក។

ការសម្លាប់មនុស្សយ៉ាងច្រើនបែបនេះអាចធ្វើឲ្យលោក Duterte ប្រឈមនឹង បញ្ហាជាច្រើនក្នុងនោះមានបទឧក្រិដ្ឋឆាំងមនុស្សជាតិអាចធ្វើឲ្យលោកជាប់ទោស ឧក្រិដ្ឋ។ ការសម្លាប់មនុស្សយ៉ាងច្រើននោះ ហើយបានធ្វើឲ្យអ្នកទទួលខុសត្រូវផ្នែក សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Agnes Callamard នឹងធ្វើដំណើរ ទៅប្រទេសហ្វុីលីពីនដើម្បីបើកអង្កេតលើសំណុំរឿងរដ្ឋាភិបាលប្រហារជីវិតជនជាប់ ពាក់ព័ន្ធគ្រឿងញៀនដោយគ្មានឆ្លងកាត់ តុលាការ។

ការទៅកាន់ហ្វ៊ីលីពីនរបស់អង្គការសិទ្ធិមនុស្សគឺជារឿងដ៏លំបាកមួយដោយសារ តែរដ្ឋាភិបាលក្រុងម៉ានីលបានឆ្លើយបដិសេធកាលពីថ្ងៃទី២០ ខែសីហាថា មិនទទួល ស្វាគមន៍ និងមិនបានអញ្ជើញជនណាម្នាក់ឱ្យមកជួយស៊ើបអង្កេតឡើយ។

ប្រធានាធិបតីហ្វុីលីពីន រ៉ូឌ្រីហ្គោ ឌុយ ទែរតេ បានដឹកនាំយុទ្ធនាការបង្ហូរឈាម ប្រឆាំងនឹងការរត់ពន្ធជួញដូរគ្រឿងញៀន ដោយបានផ្តល់សិទ្ធិពេញទីដល់ប៉ូលិសឬ កងរក្សាសន្តិសុខបាញ់សម្លាប់ពួកជួញដូរគ្រឿងញៀន។ បើតាមតួលេខប៉ូលិសគិត ចាប់ពីខែមិថុនា ថ្ងៃលោក ឌុយទែរតេ ឡើង កាន់អំណាចមកមានជនសង្ស័យជួញដូរគ្រឿងញៀន១.៨០០នាក់ត្រូវបានបាញ់ សម្លាប់ដោយប៉ូលិស ។

ក្រោយពីបានច្រានចោលពាក្យរិះគន់ យ៉ាងខ្លាំងរបស់អ្នករាយការណ៍សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីហ្វ៊ីលីពីនម្នាក់បានពន្យុះដាក់លោកស្រីមន្ត្រីសិទ្ធិមនុស្សអង្គការ សហប្រជាជាតិថា “បើគ្រាន់បើអញ្ជើញមក ហ្វុីលីពីន និងបើកអង្កេតមួយទៅ”។

ដោយគ្មានបង្អង់លោកស្រី Agnes Callamard បានផ្តល់ចម្លើយវិជ្ជមានតាម រយៈសារអុីមែលអបអរស្វាគមន៍ការអញ្ជើញ របស់រដ្ឋាភិបាលហ្វុីលីពីននេះដោយសង្ឃឹម ថា អាជ្ញាធរក្រុងម៉ានីល ព្រមទាំងភាគីពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនទាំង ឡាយនឹងចូលរួមយ៉ាងពេញទំហឹងក្នុង បេសកកម្មអង្កេតរបស់លោកស្រី។ ម្យ៉ាង វិញទៀតលោកស្រីក៏បានគូសបញ្ជាក់ថា នឹងស្នើសុំទៅកាន់រដ្ឋាភិបាលឱ្យធានាសេរីភាពនៃការដើរហើរ អង្កេត សន្តិសុខ សុវត្ថិ ភាព ដល់លោកស្រីនិងក្រុមការងារ។

ប៉ុន្តែនៅថ្ងៃសៅរ៍នេះអ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនបានចេញមុខបកស្រាយថា លោកស្រី Agnes Callamard យល់ខុស តែម្នាក់ឯង។ ហ្វុីលីពីនមិនបានអញ្ជើញ នរណាម្នាក់ទេ និងកាន់តែគ្មាននឹកឃើញសោះអញ្ជើញមន្ត្រីអង្គការសហប្រជាជាតិឱ្យមកលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេស។ ហេតុអ្វីត្រូវមានអ្នកទី៣ចូលមកជ្រៀតជ្រែក កិច្ចការប្រទេសមួយដែលពលរដ្ឋស្វាគមន៍នយោបាយប្តូរផ្លាស់របស់ប្រធានាធិបតី ៕ ម៉ែវ សាធី

 

00-b98d2 drug_killing_1


ចែករំលែក៖