ភ្នំពេញ ៖ ស្រ្តីម្នាក់បានកាន់រួបថតកូនស្រីជាច្រើនសន្លឹក តាមស្វែងរក បន្ទាប់ពីរួបនាងបានជិះរថយន្តចេញពីផ្ទះមកធ្វើការតាំងពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ រហូតដល់ល្ងាចថ្ងៃដដែល មិនឃើញត្រឡប់ទៅផ្ទះវិញ ទើបរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសំរោងក្រោមអោយជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។
នាងក្រមុំបាត់ខ្លួននោះ ឈ្មោះចាន់ ស្រីម៉ុច ហៅស្រីណុច អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាងគឺជាកម្មការិនីរោងចក្រកាត់ដេរ ស៊ីន ហាវ មានទីតាំងក្នុងភូមិត្រពាំងធ្នង់ ហៅភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ មានម្ដាយឈ្មោះប៉ោង សុខលី អាយុ៤២ឆ្នាំ ជាកសិករ និងឪពុកឈ្មោះ ឃុន រិន អាយុ៥១ឆ្នាំ ជាកសិករ ហើយមានគូដណ្ដឹងរួចទៅហើយ ។
ស្ត្រីជាម្ដាយបានរៀបរាប់ថា ជារៀងរាល់ថ្ងៃ កូនស្រីរបស់គាត់ម្នាក់នេះ បានជិះរថយន្តដាក់ខែទៅធ្វើការរោងចក្រ ហើយក្រោយពេលចេញពីធ្វើការវេលាម៉ោង៤រសៀល ត្រឡប់ទៅដល់ផ្ទះវិញ ហើយមិនដែលបាត់ម្ដងណាឡើយ ។ ដោយឡែក កាលពីវេលាព្រឹកថ្ងៃទី២២ សីហា កូនស្រីគាត់មិនបានជិះរថយន្តដូចរាល់ដងនោះទេ ។ នាងត្រូវបានកូនប្រុសរបស់គាត់ម្នាក់ទៀត ជិះម៉ូតូ១គ្រឿងជូនទៅ ។
លុះពេលដឹកទៅដល់រោងចក្រ បានដាក់នាងចុះ ហើយបងប្រុសបន្តដំណើរទៅធ្វើការនៅរោងចក្រផ្សេង រហូតដល់វេលាល្ងាចថ្ងៃដដែល កូនប្រុសគាត់ ដែលដឹកប្អូនទៅកាលពីព្រឹកនោះ បានត្រឡប់ទៅដល់ផ្ទះតែម្នាក់ឯង ។ ចំណែកកូនស្រីខាងលើ បានបាត់មិនឃើញ ។
ពេលនោះ គាត់បានសួរទៅកូនប្រុសថា ឯណាប្អូនមិនឃើញ ហើយត្រូវកូនប្រុសគាត់ឆ្លើយថា ស្រីម៉ុចធ្វើការថែមម៉ោង៦ល្ងាចទើបចេញ ។ ខណៈនោះគាត់ ក៏មិនចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើងដែរ ។ លុះក្រោយមក ក៏ស្រាប់តែបាត់រហូត អ្នកភូមិជាមួយគ្នាដែលទៅធ្វើការរោងចក្រនោះដែរ បានត្រឡប់ទៅផ្ទះវិញគ្រប់ៗគ្នា បាត់តែកូនគាត់ ទើបធ្វើឲ្យគាត់ និងក្រុមគ្រួសារ ព្រមទាំងគូដណ្ដឹងរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានចេញតាមរកទាំងយប់ ប៉ុន្តែមិនបានឃើញនោះឡើយ។
រួបគាត់បានបន្តថា កូនស្រីរបស់គាត់មានគូដណ្ដឹងនឹងត្រូវចូលរោងការនៅក្នុងមករា ឆ្នាំ២០១៧ ខាងមុខនេះ គឺសល់តែរយៈពេល៥ខែទៀតប៉ុណ្ណោះ ស្រាប់តែពេលនេះ នាងបានបាត់ខ្លួន ជាហេតុធ្វើឱ្យឪពុកម្ដាយ រួមនិងយុវជនជាគូដណ្ដឹងកំពុងមានការព្រួយបារម្ភជាខ្លាំង ទើបនាំគ្នាកាន់រូបថតជាច្រើនសន្លឹកតាមរកនាង និងទៅដាក់ពាក្យបណ្ដឹងសុំឱ្យខាងនគរបាលប៉ុស្ដិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ស្វែងរក ។
ស្ត្រីជាម្តាយបានបញ្ជាក់ប្រាប់ក្រុមសារព័ត៌មាន និងសមត្ថកិច្ចថា ទោះកូនរបស់គាត់ដើរលេងមិនបានប្រាប់ក៏ដោយ សូមវិលត្រឡប់មកវិញ ម្ដាយមិនប្រកាន់ទោសកំហុសនោះឡើយ ។ ម្យ៉ាងទៀត ប្រសិនបងប្អូនណាបានប្រទះឃើញនាងដូចមាននៅក្នុងរូបថត សូមជួយប្រាប់ផង ៕ សុខាសែនជ័យ