ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ បានអនុញ្ញាតជូន លោក Somsak Chutanan ទីប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Gulf Energy Development Public Company Limited (GULF) របស់ប្រទេសថៃ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
មានប្រសាសន៍លើកឡើងក្នុងជំនួបនាឱកាសនេះ លោក Somsak Chutanan បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតជូនរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពិសេសលោកក៏បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន GULF គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសថៃ ដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់បទពិសោធន៍ជោគជ័យរបស់ខ្លួនដើម្បីស្វែងយល់អំពីសក្ដានុពលនៃការវិនិយោគលើវិស័យថាមពល បច្ចេកវិទ្យា និងវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ តារា