ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ កាលពីរសៀលថ្ងៃទី២៦វិច្ឆិកា២០២៤ នៅលើផ្លូវក្រាលកៅស៊ូ លេខ១៥៧៧ ត្រង់ចំណុចមុខវត្តសេកសក ស្ថិតក្នុងក្រុមទី០៦ ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ ដោយអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6315 អ្នកបើកបរឈ្មោះ ផល ចាន់ធួន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បើកបរពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាកកាម៉ារី ស៊េរីឆ្នាំ២០០៧ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ប.ជ 0391 ចង្កូតស្តាំ បើកបរពីត្បូងទៅជើង បានបើកចូលគន្លងផ្លូវម៉ូតូហើយក៏បានបុកម៉ូតូ កំពុងបើកបរលើទ្រូងផ្លូវខាងស្តាំ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្តង ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា ៖ រថយន្តហុងដាឌ្រីម បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើង ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូ ។ ក្រោយពីកើតហេតុរថយន្ដបាន រេចង្កូត ធ្លាក់ក្នុងព្រៃក្បែរចិញ្ចើមផ្លូវ ម្ចាស់រថយន្ត អ្នកបើកបរបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
បច្ចុប្បន្ន នគរបាលស្រុករតនមណ្ឌល កំពុងស្វែងរកជនបង្ក និងវត្ថុតាងបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អរុណរះ