ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ស្លាប់៤នាក់ដោយការធ្លាក់ព្រិលជាប្រវត្តិសាស្ត្រនៅកូរ៉េខាងត្បូង

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូងកំពុងតស៊ូជាមួយការធ្លាក់ព្រិលខ្លាំងខុសពីធម្មតា ដែលបណ្តាលឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល នាវាចម្លងឈប់ដំណើរការ និងយ៉ាងហោចណាស់មនុស្ស 4 នាក់បានស្លាប់។ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ចាប់តាំងពីការកត់ត្រាទិន្នន័យបានចាប់ផ្តើមនៅឆ្នាំ 1907 នេះគឺជាការធ្លាក់ព្រិលខ្លាំងបំផុតទីបីនៅក្នុងរដ្ឋធានីសេអ៊ូល។
ព្រិលជាង 40 សង់ទីម៉ែត្របានធ្លាក់នៅតំបន់ខ្លះនៃទីក្រុងសេអ៊ូលនៅម៉ោង 8 ព្រឹកនេះ ដែលបណ្តាលឱ្យជើងហោះហើរជាង 140 ត្រូវបានលុបចោល។
មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសនៅទីលានវាយកូនហ្គោលពេលសំណាញ់ដែលគ្របដោយព្រិលធ្លាក់កាលពីល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា។ សារព័ត៌មានកូរ៉េរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ក្នុងការបាក់រលំតង់សន្តិសុខក្នុងចំណតរថយន្ត។
គ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជាតិភាគខាងកើតរាជធានីបានបណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់ទៀតស្លាប់។ ប៉ូលីសបាននិយាយថា មនុស្ស 11 នាក់បានរងរបួសកាលពីល្ងាចថ្ងៃទី 27 ខែវិច្ឆិកានៅក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងរថយន្តចំនួន 53 គ្រឿងនៅលើផ្លូវហាយវេក្នុងទីក្រុង Wonju ខេត្ត Gangwon ។
អាកាសយានដ្ឋានសំខាន់របស់ទីក្រុងសេអ៊ូល Incheon រងការវាយប្រហារខ្លាំងបំផុត ដែលបណ្តាលឱ្យមានការពន្យារពេលសម្រាប់អ្នកដំណើរយ៉ាងហោចណាស់ពីរម៉ោង។ យោងតាមទិន្នន័យនៅលើគេហទំព័រតាមដានអាកាសចរណ៍ Flightradar24 បានឱ្យដឹងថា 14% នៃជើងហោះហើរត្រូវបានពន្យារពេល ហើយ 15% ត្រូវបានលុបចោលនៅថ្ងៃទី 28 ខែវិច្ឆិកា។
សាលារៀននៅក្នុងខេត្ត Gyeonggi ជាប់ទីក្រុងសេអ៊ូល ត្រូវបានអនុញ្ញាតឱ្យបិទនៅថ្ងៃនេះ ប្រសិនបើចាំបាច់។
ព្រិលធ្លាក់ខ្លាំងខុសពីធម្មតាក្នុងខែវិច្ឆិកា ត្រូវបានគេគិតថា បណ្តាលមកពីសីតុណ្ហភាពសមុទ្រក្តៅជាងធម្មតានៅឧបទ្វីបកូរ៉េខាងលិច ជួបនឹងចរន្តខ្យល់ត្រជាក់។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បាននិយាយថា ប្រទេសនេះក៏បានជួបប្រទះនឹងការធ្លាក់ព្រិលជាង 10 សង់ទីម៉ែត្រនៅក្នុងតំបន់មួយចំនួនក្នុងរយៈពេល 2 ថ្ងៃកន្លងមកនេះ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖