ប្រទេសចិន ៖ លោកស្រី ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅនេះ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិព័រណ៍លើកទី២ ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិចិន ក្រោមប្រធានបទ៖ “កិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែច្រវាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍ នវានុវត្តន៍ នៃកម្លាំងផលិត និងគុណភាពថ្មី” ព្រមទាំងព្រឹត្តការណ៍អមពិព័រណ៍ស្តីពី“កិច្ចសហប្រតិបត្តិការ ខ្សែច្រវាក់ផ្គត់ផ្គង់ខេត្តហ៊ូប៉ី និងប្រទេសហុងហ្គារី” ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ លោក វ៉ាង ចុងលីង អនុប្រធានលេខាបក្សខេត្តនិងជាអភិបាលខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តហ៊ូប៉ី តំណាងស្ថានទូតបរទេសប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន សមាគមន៍ធុរជន និងវិនិយោគិនអន្តរជាតិ ជាច្រើនរូប ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់បើកផ្លូវថ្មីមួយ និងប្រែក្លាយ “ខ្សែច្រវាក់ផ្គត់ផ្គង់” ទៅជា “ខ្សែច្រវាក់ឈ្នះ-ឈ្នះ” ព្រមទាំងរួមចំណែកដល់ការដាំដុះ និងបង្កើនកម្លាំងផលិតភាពប្រកបដោយគុណភាព ជំរុញសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោកស្រីអនុរដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Shen Yan សមាជិកការិយាល័យគណបក្សកុម្មុនីយ នៃការិយាល័យពាណិជ្ជកម្មទីក្រុង Jingzhou និងជាអនុប្រធានគណ:កម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) នៃទីក្រុងជឹងចូវ ដើម្បីពង្រឹង និងជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងចិន ជាពិសេសជាមួយទីក្រុងជឹងចូវ ខេត្តហ៊ូប៉ី ឱ្យកាន់តែប្រសើរឡើង៕
ប្រភព ៖ «CCFR China state-controlled media »