ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី៤ ខែ វិច្ឆកា ឆ្នាំ២០២៤។ ប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បី ពង្រឹងការគោរពវិន័យ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និង សុខុមាលភាពជូនមន្ត្រីនគរបាលជាតិកម្ពុជា។
ប្រការ៤ នៃប្រកាសបានចែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនជាអាទិ៍ ១- អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធាន អង្គភាពថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ។ ២- មន្ត្រីនគរបាលជាតិកម្ពុជាដែលស្នើសុំច្បាប់ឈប់ដើម្បីចេញទៅក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិតាមឋានានុក្រមក្នុងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពចំណុះ ដូចខាងក្រោម៖
១- រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកអគ្គនាយកដ្ឋានធនធានមនុស្ស មានសិទ្ធិអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពី១២(ដប់ពីរ)ថ្ងៃឡើងនៃថ្ងៃធ្វើការ។
២- អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូន ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្តី្រ នគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម១១(ដប់មួយ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៣- អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល ចំណុះក្រសួង មហាផ្ទៃ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទត្រឹម១១(ដប់មួយ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៤- ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិមានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម៥ (ប្រាំ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៥- ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា . និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ព្រមទាំងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជា ក្រោមឱវាទ ត្រឹម៤(បួន)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៦- នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាយកសាលានគរបាលជាតិភូមិភាគ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន គោក-ទឹក ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាយកសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែននៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ប្រធានស្នាក់ការប្រឆាំងចារកម្មប្រចាំរាជធានី ខេត្ត ចំណុះការិយាល័យប្រឆាំងចារកម្មនៃនាយកដ្ឋានចារកម្ម ប្រធានស្នាក់ការប្រចាំតំបន់នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្រធានអង្គភាព នគរបាលទេសចរណ៍នៃនាយកដ្ឋាននគរបាលទេសចរណ៍ ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌនៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ប្រធានសាខាលិខិតឆ្លងដែនប្រចាំតំបន់នៃនាយកដ្ឋានលិខិតឆ្លងដែន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងនាយប៉ុស្តិ៍នគរបាលកំពង់ផែច្រកទ្វារអន្តរជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម២(ពីរ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៧- នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្តី្រនគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម១(មួយ)ថ្ងៃនៃថ្ងៃធ្វើការ។
មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវដាក់ពាក្យស្នើសុំច្បាប់ឈប់គ្រប់ប្រភេទ តាមឋានានុក្រមនៃមន្ត្រី មានសមត្ថកិច្ច ដូចបានកំណត់ក្នុងប្រការ៤ នៃប្រកាសនេះ ដើម្បីឈប់សម្រាក តាមគោលការណ៍ចំនួន៥ រួមមាន ១- ច្បាប់ឈប់ប្រចាំឆ្នាំ។ ២- ច្បាប់ឈប់រយៈពេលខ្លី ដោយបញ្ជាក់អំពីមូលហេតុឬលិខិតបញ្ជាក់ផ្សេងៗ។ ៣- ច្បាប់ឈប់សម្រាកលំហែមាតុភាព ដោយភ្ជាប់មកជាមួយលិខិតបញ្ជាក់ពីគ្រូពេទ្យមានសមត្ថកិច្ច។ ៤- ច្បាប់ឈប់សម្រាកព្យាបាលជំងឺ ដោយភ្ជាប់មកជាមួយលិខិតបញ្ជាក់ពីគ្រូពេទ្យមានសមត្ថកិច្ច។ ៥- ច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន ដោយបញ្ជាក់អំពីមូលហេតុឬលិខិតបញ្ជាក់ផ្សេងៗ៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ