ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកបេីកបរលេីកផ្លូវទឹកចូលរួមគោរពច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីសុវត្ថិភាពនាវាចរណ៍។
ក្រសួងសាធារណការ បានបញ្ជាក់ថា យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹកមាត្រា២៥៨ បានចែងថា ៖ជនណាដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពតាមបទប្បញ្ញត្តិ ស្តីពីនាវាចរណ៍តម្រូវ បណ្តាលឱ្យមានរងរបួសដល់អ្នកដទៃ ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី៨(ប្រាំបី)ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន) រៀល ទៅ៨ ០០០ ០០០ (ប្រាំបីលាន) រៀល។
គួររម្លឹកដែរថា កាលពីខែវិច្ឆិកានាពេលថ្មីៗនេះ ក្រសួងសាធារណការ ក៏បានលើកឡើងថា៖ មិនត្រូវរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក។
យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៦៤ បានចែងថា ជនណាដែលបានរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន) រៀល ទៅ៨ ០០០ ០០០ (ប្រាំបីលាន) រៀល៕
ដោយ៖ តារា