ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅព្រលប់​ថ្ងៃ​អាទិត្យ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​ជនជាតិចិនម្នាក់ និងខ្មែរម្នាក់​ ក្នុងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត០១គ្រឿងម៉ាកAlpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុូន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖

ទី១.ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។

ទី២.ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។

ត្រង់ចំណុចនៅជិតវត្តជន្លង់ម្លូរ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

-អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន០៣ដើម និងបង់ចំនួន ០៣

-គ្រាប់ប្រភេទ 380 ចំនួន៣៤គ្រាប់

-ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវចំនួន០២ ,ខោចំនួន០១)

-ស្ពេបាញ់បង្ហូរទឹកភ្នែក ចំនួន០១ដប

-ខ្នោះដៃ ចំនួន០១ ខ្សែរចំណងជរ័ចំនួន១ដុំ

-ស្បែកជើងប៊ូពណ៌ខ្មៅ ចំនួន០៣គូ

-ឧបករណ៍ប្រើប្រាស់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន។

      ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័ខាងលើបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណី បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើគឺមានចំនួន០៨នាក់។

បច្ចុប្បន្នជនដៃដល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖