ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្ទោស៖ ប្រធានាធិបតីស៉ីរី ពឹងផ្អែកលើរុស្ស៉ីនិងអ៉ីរ៉ង់ខ្លាំងពេក ទើបបាត់បង់ទីក្រុង Aleppo

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា សហរដ្ឋអាមេរិក បានចេញមុខនិយាយថា ប្រធានាធិបតីស៉ីរី លោក Bashar al-Assad បានបាត់បង់ការគ្រប់គ្រងនៅទីក្រុង Aleppo ដោយសារតែការពឹងផ្អែកខ្លាំងពេករបស់លោកលើប្រទេសរុស្ស៉ី និងអ៉ីរ៉ង់។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Sean Savett បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការពឹងផ្អែករបស់ស៉ីរីលើរុស្ស៉ីនិងអ៉ីរ៉ង់ បូករួមជាមួយការបដិសេធទទួលយក ដំណើរការសន្តិភាពឆ្នាំ២០១៥ ដែលត្រូវបានដាក់ចេញដោយ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបង្កឱ្យមានស្ថានភាពដែលកំពុងតែកើតឡើង នាពេលនេះ»។ លោក Savett បានបន្ថែមថា សហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធអ្វី ដែលជាមួយប្រតិបត្តិការវាយលុក ដឹកនាំដោយក្រុមឧទ្ទាម Hay’at Tahir al-Sham (HTS) ដែលត្រូវបានចាត់ថ្នាក់ជា អង្គការភេរវករ នោះឡើយ។
ប្រធានាធិបតីស៉ីរី លោក Bashar al-Assad បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក ក្រោមការជ្រោមជ្រែងរបស់សម្ព័ន្ធមិត្តនិងបណ្តាប្រទេសជាមិត្ត មានសមត្ថភាពកម្ចាត់ពួកភេរវករទាំងអស់ ទោះការវាយប្រហាររបស់ពួកគេធំប៉ុនណាក៏ដោយ។ ក្រុមឧទ្ទាម បានបើកប្រតិបត្តិការវាយលុកដ៏ឆាប់រហ័សមួយ ប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៉ីរី ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះមក។ បើតាមក្រុមឃ្លាំមើលស្ថានការណ៍សង្រ្គាម ក្រុមឧទ្ទាមនាពេលនេះ ដណ្តើមគ្រប់គ្រងបានភាគច្រើន នៃទីក្រុង Aleppo។
ក្រុម HTS កាន់កាប់ទឹកដីមួយភាគធំ នៅខេត្ត Idlib ភាគពាយព្យប្រទេសស៉ីរី ព្រមទាំងផ្នែកមួយចំនួន នៃបណ្តាខេត្តដែលនៅជាប់នោះ រួមមានខេត្ត Aleppo, Hama និង Latakia។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន តួលេខអ្នកស្លាប់ ក្នុងការប៉ះទង្គិចគ្នាប៉ុន្មានថ្ងៃមកនេះ គឺបានកើនដល់យ៉ាងហោច ៣១១នាក់ ក្នុងនោះ១៨៣នាក់ ជាសមាជិក្រុមឧទ្ទាម ១០០នាក់ជាកងទ័ពស៉ីរី និងកម្លាំងគាំទ្ររដ្ឋាភិបាលស៉ីរី ព្រមទាំង២៨នាក់ជាជនស៉ីវិល។
កងកម្លាំងរដ្ឋាភិបាលស៉ីរី ក្រោមការជ្រោមជ្រែង ពីកងជីវពលគាំទ្រដោយអ៉ីរ៉ង់ និងយន្តហោះចម្បាំងរបស់រុស្ស៉ី ធ្លាប់បានវាយដណ្តើមតំបន់នានា ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅក្នុងទីក្រុង Aleppo យកមកវិញ កាលពីឆ្នាំ២០១៦ ។ Aleppo ជាទីក្រុងធំជាងគេទី២ នៃប្រទេសស៉ីរី៕ ដោយ៖ ធីរីណា

រូបថត​៖ quochoitv


ចែករំលែក៖