ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បន្ដសហការស្រាវជ្រាវបង្រ្កាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនខុសច្បាប់ ក្នុងមូលដ្ឋានជាបន្ដបន្ទាប់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត បន្តនីតិវិធី។
ប្រភពដដែលបន្តថា ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកកំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៣ បានបន្ដយកចិត្ដទុកនឹងប្រេីប្រាស់វិធានការជំនាញឈានទៅបង្រ្កាបមុខសញ្ញាគ្រឿងញៀនក្នុងមូលដ្ឋាន ក្រៅមូលដ្ឋាន ជាបន្ដបន្ទាប់។
គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤: ២០នាទី នៅចំណុចវត្តអង្វៀន ភូមិចំបក់ក្អែរ ឃុំទឹកល្អក់ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ វ៉ែ ន វុត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដូង ឃុំព្រៃញាតិ ស្រុកគងពិសី ត្រួតពិនិត្យ ដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿង ញៀន២ កញ្ចប់តូច, ទូរស័ព្ទដៃ ០១គ្រឿង សមត្ថកិច្ចបន្ដឃាត់ខ្លួនឈ្មោះ ជួន លីហេង នៅចំណុចភូមិព្នៅ ឃុំព្រៃញាតិ ត្រួតពិនិត្យ ដកហូតបានម្សៅក្រាម ០១កញ្ចប់មធ្យម, ទូរស័ព្ទដៃ ០១គ្រឿ ង, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង, ម៉ូតូ ០១គ្រឿងម៉ាក MSX ព័ណ៍ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ ១K-២១៧៤ មានលេខម៉ាស៊ីន CH១២៥ME-G៥០២១៩១៨។
លុះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣ ០នាទី នៅចំណុចផ្លូវប៉េតុងភូមិកាន់តម្រា ឃុំជង្រុក សមត្ថកិច្ចបន្ដឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ សែម ពិសិត ហៅណូន ភេទប្រុស អាយុ ៣ ២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកាន់តម្រា ឃុំជង្រុក ស្រុ កគងពិសី ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ០៤ កញ្ចប់តូច និង ទូរស័ព្ទដៃ ០១គ្រឿងម៉ាក NOKIA ចុចពិល។
ដោយឡែកនៅវេលាម៉ោង ១៥:២០នាទីថ្ងៃដដែរ នៅចំណុចផ្លូវ លំខាងជើងវត្តស្វាយទាប ភូមិត្រពាំងធ្លក ឃុំស្នំក្រពើ សមត្ថកិច្ចបានបន្ដឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ គិន វណ្ណា ហៅឡក់ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ០២កញ្ចប់តូច, ទូរស័ព្ទដៃ ០១គ្រឿង និង ម៉ូតូ ០១គ្រឿង ម៉ាក់ Honda Beat ព័ណ៍ ស,ខៀវ ពាក់ស្លាកលេខ តាកែវ១AD-៧៣១០ មានលេខតួរ CH១១០C-៩១១៦៤៨៥។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ ដេីម្បីចាត់ការតាមនីតិវិធីបន្ដ៕
ដោយ៖ អរុណរះ