ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​២គ្រឿង​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឱ្យមួយ​គ្រឿង​រេចង្កូត​ទៅបុក​ចូល​ហាង​លក់​ស៊ុប​រងការ​ខូចខាត​ ​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​តូយ៉ូតា​ព្រុស​បេីក​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏បានជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស​RX​330 បណ្តាល​ឲ្យ​រថយន្ត​ឡិចស៊ីស​រេចង្កូត​ជ្រុល​ទៅ​បុក​ចូល​ហាង​ស៊ុប​មួយ​កន្លែង​នៅ​ក្បែរ​នោះ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​តែ​ម្ដង។  

​    ហេតុ​ការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​២និង​៤០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ខែ​ធ្នូ​ឆ្នាំ​២០២៤​ នៅចំនុច​ផ្លូវ​លេខ៩៩កែង​ផ្លូវ​លេខ៤៦៦ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បេីក​រថយន្ត​ម៉ាក​ ឡិចស៊ីស​RX​330 ពណ៌ផ្សែង​បារី​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AH-3768 បេីកតាម បណ្ដោយផ្លូវលេខ៤៦៦ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​ទៀត​បានបេីក​រថយន្ត​ម៉ាក​តូយូ៉តា​ព្រុស​ ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​2BV-6141 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៩៩ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ដោយល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ ក៏ជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស​ចំថ្ពាល់​មុខ​ចំហៀង​ខាង​ស្តាំ​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ឡិចស៊ីស​ រេចង្កូត​បុក​ទម្លុះ​ចូល​ទៅ​ក្នុង​ហាង​លក់​ស៊ុប​ យីហោ​លីធីង​ដែល​នៅ​ក្បែរ​នោះ​រងការ​ខូចខាត​សម្ភារអស់​មួយ​ចំនួន​ធំ​ បេីគិត​ជាលុយ​ខ្ទង់​ពាន់​ដុល្លារ​ ព្រម​ទាំង​ធ្វើ​ឱ្យរថយន្ត​ខ្ទេច​ផែ្នក​ខាង​មុខ​ តែមិន​មាន​គ្រោះ​ថ្នាក់ដល់​មនុស្ស​ឡើយ។ 

  ដោយ​ឡែក​ខាង​រថយន្ត​តូយ៉ូតា​ព្រុស​វិញ​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​បត់​ក្បាល​ត្រលប់​ក្រោយ​វិញ​ តែ​មិនមាន​គ្រោះ​ដល់​មនុស្ស​ដូច​គ្នា​  ។ 

​    ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​ការ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ មធ្យោបាយ​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្តទៀត​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖