ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្ម២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី នៅចំណុចតាមផ្លូវ២១ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ា ដា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។
ចំណែកជនសង្ស័យ០៤នាក់ ១-ឈ្មោះ ផល លាងសេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិទួលដង្គាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។ ២-ឈ្មោះ ទិត្យ តុងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
រីឯជនសង្ស័យទី៣និងទី៤គេចខ្លួនបាត់ស្រមោល ។
វត្ថុតាងចាប់យក៖១-មួកការពារសុវត្ថិភាពពណ៌ខ្មៅមួយ(របស់ជនសង្ស័យ)។ ២-ម៉ូតូមួយគ្រឿងម៉ាកHonda c125ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខកណ្តាល១AT-6339(របស់ជនរងគ្រោះ) ។
៣-ម៉ូតូ០១គ្រឿងម៉ាកHonda c125 ឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AD-4023(របស់ជនសង្ស័យ)។ ៤-ទូរសព្ទ័ម៉ាកOPPO ពណ៌ក្រហម ចំនួន១គ្រឿង(របស់ជនសង្ស័យ)
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានឌុបសង្សាទៅហូបអីនៅសួនច្បារតាខ្មៅ បន្ទាប់មកក៏បានជិះត្រឡប់ទៅផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅវិញ ។ លុះជិះមកដល់មុខក្លោងទ្វារវត្តក្របៅតាមផ្លូវ២១ នៅវេលាម៉ោង២៣និង៣០នាទីនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក៏ស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ស៊េរី២០២៤ពណ៌ខ្មៅ ដោយអ្នកបើកមានឈ្មោះរឿងលាង និងអ្នកជិះក្រោយឈ្មោះខ្មៅ មានកាន់ដែកទីបមួយកំណាត់ បានជិះដេញវាយពីក្រោយ ធ្វើឲ្យជនរងគ្រោះភ័យបានបើកម៉ូតូរត់ហើយស្រែកឲ្យគេជួយ ពេលនោះក៏បានជួបនឹងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូនិងប៉ុស្តិ៍រកាខ្ពស់កំពុងល្បាតតាមផ្លូវ ក៏បានជិះដេញតាមរហូតដល់មុខវត្តឈូងលាភ បណ្តាលឲ្យម៉ូតូជនសង្ស័យដួល ហើយក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ ផល លាងសេងចំនែកជនសង្ស័យម្នាក់ទៀត បានលើកម៉ូតូហើយជិះរត់គេចខ្លួនបាត់ទៅ។រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងកម្លាំងព្រហ្មទណ្ឌការិយាល័យកម្រិតធ្ងន់សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀតឈ្មោះទិត្យ តុងហៃភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាម្ចាស់ម៉ូតូ ដែលបានផ្តល់មធ្យោបាយឲ្យក្រុមជនសង្ស័យទាំងនោះ ជិះធ្វើសកម្មភាព។
តាមការសាកសួរជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ផល លាងសេង បានឆ្លើយសារភាពថា៖ គាត់និងបក្ខពួកម្នាក់ទៀតមានឈ្មោះ សុង សំណាង ហៅអាខ្មៅ ពិតជាបានយកម៉ូតូរបស់ឈ្មោះ ទិត្យ តុងហៃ ធ្វើសកម្មភាពប្លន់ចំនួន៣ករណី: លើកទី១ ប្រហែល២ខែមុន វេលាម៉ោង៤ភ្លឺ នៅផ្លូវ២១ ភូុមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើសកម្មភាពយកខ្សែក្រវ៉ាតដេញវាយប្លន់យកបានម៉ូតូមួយគ្រឿងម៉ាកHonda c125ពណ៌ខ្មៅ ស៊េរី២០១៦ ពីជនរងគ្រោះខាងលើប្រាកដមែន។ លើកទី២ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ភ្លឺ នៅស្ពានព្រែកសំរោង ភូមិជុំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើសកម្មភាពប្រើដាវចេញកាប់ប្លន់យកបានម៉ូតូមួយគ្រឿងម៉ាកHonda c125ពណ៌ខ្មៅ ស៊េរី២០២៣ ។ លើកទី៣ នាំគ្នាជិះម៉ូតូយកដែកទីបដេញវាយប្លន់យកម៉ូតូពីជនរងគ្រោះខាងលើប្រាកដមែន ចំណែកដែកទីបបានបោះចោលតាមផ្លូវបាត់ហើយ ហើយឈ្មោះ សឿន មិនបានមកជាមួយទេ គឺគាត់នៅចាំទទួលម៉ូតូដែលពួកខ្ញុំប្លន់បាននៅចំណុចរង្វង់មូលតាខ្មៅ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
និងតាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះទិត្យ តុងហៃ បានផ្តល់មធ្យោបាយម៉ូតូដល់ឲ្យទៅក្រុមជនសង្ស័យទាំងនោះចំនួន០៣លើក ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ