ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខេត្តក្រចេះ ឃាត់រថយន្តកែច្នៃ​ខុសលក្ខណៈបច្ចេកទេស​ បានចំនួន ៩៧គ្រឿង

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​យាន​យន្ត​កែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ខេត្ត​ បានឱ្យដឹងថា​៖​ គិតត្រឹមរយៈពេល៥ថ្ងៃ នៅដើមខែធ្នូ ឆ្នាំ២០២៤នេះ មានរថយន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស ចំនួន ៩៧គ្រឿងរួចមកហើយ ដែលត្រូវបាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​យាន​យន្ត​កែច្នៃ​ថ្នាក់​ខេត្ត ធ្វើការឃាត់ និងបញ្ជារឲ្យកាត់ទ្រុងនៅនឹងកន្លែង។​ ការចុះឃាត់រថយន្តទាំងនេះ​ បន្ទាប់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើការអំពាវនាវចំពោះម្ចាស់រថយន្ត និង​អ្នក​បើកបរ​រថយន្ត​ទាំងអស់ មិនឲ្យមានការកែច្នៃ តទ្រុង និងដឹកផ្ទុកទំនិញសំពីងសំពោង ខុស​លក្ខណៈ​បច្ចេក​ទេស កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក គង់ គឹមនី បានឱ្យដឹងទៀតថា​ ដោយមានការណែនាំ និង​ដាក់​ទិស​ដៅ​បន្ថែម ពីលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រុម​ការ​ងារ​ចម្រុះ បានដាក់គោលដៅចំនួន ២ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

លោក​អភិបាល​រូបនេះ​ បានបន្តថា គិតចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារ​ត្រួត​ពិនិត្យ​យាន​យន្តថ្នាក់ខេត្ត និងក្រុមការងារស្រុកស្នួល ខាងកាត់ទ្រុង បានដាក់គោលដៅ​ត្រួត​ពិនិត្យ នៅស្រុកឆ្លូង និងស្រុកស្នួល។ ត្រួតពិនិត្យរថយន្តសរុបបានចំនួន ១១៨គ្រឿង ក្នុងនោះ ឃាត់​បានរថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន ៩៧គ្រឿង រួមមាន៖ រថយន្ត​តទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស តម្រូវឲ្យកាត់ទ្រុងតចេញនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ១៥គ្រឿង ដោះ​ភ្លើង​ហ្វាបំភ្លឺ ចំនួន ៤គ្រឿង និងរថយន្តឯកសារមិនគ្រប់គ្រាន់ ចំនួន ៧៨គ្រឿង។

បន្ថែមពីនេះ​ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមការងារបានណែនាំដល់អ្នកបើកបរ ឬ​ម្ចាស់​រថយន្ត មិនត្រូវតទ្រុងបន្តទៀត មិនត្រូវផ្ទុកទំនិញសំពីងសំពោង មិនត្រូវបំពាក់​ភ្លើង​បំភ្លឺ​ខុស​បច្ចេក​ទេស រថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់។​ ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖