ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនផលិតភេសជ្ជៈកូកា-កូឡារបស់សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោក Joseph Ho នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (Cambodia Beverage Company Ltd.) ក្រុមហ៊ុនផលិតភេសជ្ជៈកូកា-កូឡារបស់សហរដ្ឋអាម៉េរិក និងលោក Paulo Gaspar Rodrigues ដែលជាអនាគតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានសម្រេចចិត្តជ្រើសរើសការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ពិសេសជាងនេះ ក្រុមហ៊ុនក៏បានឆ្លៀតឱកាសក្នុងជំនួបសម្ដែងការគួរសមនេះ ដើម្បីធ្វើការណែនាំបេក្ខភាពអនាគតនាយកប្រតិបត្តិថ្មី គឺលោក Paulo Gaspar Rodrigues ដែលត្រូវបានចាត់តាំងឱ្យមកបន្តវេនការងារ ពីលោកនាយកប្រតិបត្តិបច្ចុប្បន្ន។ 

មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានភ្ជាប់ប្រធានបទនៃជំនួបនេះ ទៅនឹងការគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ ដោយហេតុថាក្រោយពីគម្រោងនេះសាងសង់ចប់សព្វគ្រប់រាជរដ្ឋាភិបាលរំពឹងថាការដឹកជញ្ជូននៅកម្ពុជានឹងកាន់តែមានភាពសម្បូរបែប និងតម្លៃដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែង ដែលនឹងចូលរួមបង្កបរិយាកាសវិនិយោគ និងកិច្ចសម្រួលវិនិយោគកាន់តែមាភាពប្រសើរឡើង។

សូមជម្រាបដែរថា ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) គឺជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា ដែលបានសម្រេចបណ្ដាក់ទុនបង្កើតរោងចក្រផលិតភេសជ្ជៈរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ កាលពីឆ្នាំ២០១៦កន្លងទៅ និងកំពុងផ្ដល់ឱកាសការងារដោយផ្ទាល់ប្រមាណ ៨៤០កន្លែង និងជាង ៨០០០កន្លែងផ្ដល់ដោយប្រយោល ក្នុងទីផ្សារប្រទេសកម្ពុជាយើង៕

ដោយ​៖ តារា​


ចែករំលែក៖