ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ហាញមុខក្រុមដឹកជញ្ជូន WowNow និងក្រុមម៉ូតូកង់បី ពីរក្រុមសរុបចំនួន ២៩នាក់ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីបន្តនីតិវិធីច្បាប់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី ពាក់ព័ន្ធនឹងករណីចូលរួមសមាគមន៍ក្រុមជនទុច្ចរិត(ប្រើដៃវាយគ្នា និងប្រេីកាំបិតកាប់ចាក់គ្នាទៅវិញទៅមក ផ្អើលក្រុងព្រះសីហនុ)។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២១និង០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុច ម្តុំសាខាពន្ធដាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនា មួយកើតឡើង បង្កដោយភាគី២ក្រុមភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង ០២ក្រុម បានរត់គេចខ្លួនបាត់អស់ ។ ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក រហូតដល់វេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន ០៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់បីចំនួន ៨គ្រឿង នៅចំណុច មុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបានបន្តឃាត់ខ្លួនបានបក្ខពួកក្រុមម៉ូតូកង់បីចំនួន ៩នាក់ផ្សេងទៀត ដោយដកហូតបានម៉ូតូកង់បីចំនួន ០៩គ្រឿង បន្ថែមទៀត នៅចំណុច ម្តុំព្រៃស្វា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងស្រាវជ្រាវបន្ត ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរហូតឈានចូលយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ច បានបន្តឃាត់ខ្លួនក្រុមដឹកជញ្ជូន WowNow ជាបន្តបន្ទាប់សរុបចំនួន ១១នាក់បន្ថែមទៀត ជនជាតិខ្មែរ ដែលសង្ស័យពាក់ព័ន្ធនឹងករណីខាងលើ យកមកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រតិបត្តិការខាងលេីកម្លាំងជំនាញឃាត់ខ្លួនបានមនុស្សចំនួន ២៩នាក់ (ក្រុមម៉ូតូកង់បី១៨នាក់ និងក្រុមដឹកជញ្ជូន WowNow ១១នាក់) ។
សម្ភារវត្ថុតាងចាប់យកបានជាក់ស្តែងម៉ូតូកង់បីចំនួន ១៧គ្រឿង ម៉ូតូចំនួន ០៧គ្រឿងទូរស័ព្ទមួយចំនួន ។
+ចំពោះជនសង្ស័យចំនួន ២៩នាក់ ក្នុងនោះ រកឃេីញម្នាក់មានសារធាតុញៀនក្នុងទឹកនោម ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៩នាក់ រួមនឹងវត្ថុតាងខាងលេី កំពុងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីសាកសួរបន្តនីតិវិធីបន្ត ៕
ដោយ៖ តារា