ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បុរសពីរនាក់ពាក់ព័ន្ធនឹងករណីដាក់អន្ទាក់ខ្សែលួសឆក់បណ្ដាលឱ្យងាប់សត្វទន្សោង១ក្បាលនៅស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចស្រុកអន្លង់វែងសហការជាមួយកម្លាំងមន្ត្រីបរិស្ថាន បានឃាត់ខ្លួនបុរស​២​នាក់ពីបទ​ដាក់​អន្ទាក់ និង​ដាក់​ខ្សែលួស​ឆក់​យក​សត្វ ព្រៃបណ្តាលឲ្យសត្វទន្សោង១ក្បាលងាប់។ ហេតុការណ៍​ នេះ ចាប់ឃាត់ខ្លួននេះកើតឡើង​នៅ​ក្នុង​ដីចម្ការ​ក្រូច​មួយ​កន្លែង មាន​ម្ចាស់​ឈ្មោះ​ផែន ស្ថិត​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ។

កម្លាំងនគរបាលដែលចុះប្រតិបត្តិការផ្ទាល់បានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​តូ ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះបូ កក្កដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នេះ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ 

ប្រជាពលរដ្ឋ​ម្នាក់​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​ខ្សឹប​ថា សត្វព្រៃ​គ្រប់​ប្រភេទ​កំពុង​តែ​កើត​មាន​ហានិភ័យក៏ព្រោះតែក្រុម​ព្រាន​បរបាញ់​សត្វព្រៃ​យក​សាច់​ទៅ​លក់​នៅ​លើ​ទីផ្សារ និង​នៅ​តាម​អាហារ​ដ្ឋា​ន​នានា​ក្នុងស្រុក​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ដាច់ ។ ក្រុមអ្នកប្រមាញ់សត្វទាំង នេះអាចធ្វើទៅបាន ដោយសារតែ​មានការ​ឃុ​ប​ឃឹ​ត​គ្នា​រវាង​ក្រុម​ព្រាន​និងសមត្ថកិច្ច​មួយ​ចំនួន​តូច​ផង​ដែរ ទើប​កើត​មានរឿង​រ៉ាវ​បែប​នេះ ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តឧត្តរមានជ័យ លោក​ភួង លី​ណានៅ​ព្រឹក​ថ្ងៃ​ទី​១១ខែធ្នូ ឆ្នាំ​២០២៤​នេះ​បាន​ឲ្យ​ដឹង​ថា កំលាំង​បរិស្ថាន​តែងតែ​ធ្វើការ​ដើរ​ល្បាត​ព្រៃ និង​ធ្វើការ​ស៊ើបអង្កេត​ពួក​ក្រុម​ព្រាន​បរបាញ់​សត្វ​ជា​ប្រចាំ​ផង​ដែរ ខណៈនោះ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ កំលាំង​បរិស្ថាន​បាន​ជួប​ប្រទះ​ឃើញ​ក្រុម​ព្រាន​ចំនួន​២​នាក់ កំពុង​តែពន្លះ​យក​សាច់​ទន្សោង​ភ្លាម​ៗ​នោះ កំលាំង​បាន​ធ្វើការ​បង្ក្រាប​ដោយ​ឃាត់ខ្លួទាំង២​នាក់ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​ចំនួន​២​គ្រឿង ត្រាក់ទ័រ​ចំនួន​១​គ្រឿង គោ​យន្តក​ន្ទ្រៃ​ចំនួន​១​គ្រឿង និង​អន្ទាក់​ខ្សែលួស​សម្រាប់​ដាក់ និង​ឆក់​ដោយ​ប្រើប្រាស​ប្រព័ន្ធ​ឆក់​ចរន្ត​ភ្លើង​ច​អា​គុយ​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ជនសង្ស័យ​ទាំង​ពី​នាក់​នេះ​កំពុងធ្វើការ​សាកសួរ​ចម្លើយ​នៅ​ក្នុង​មន្ទីរ​បរិស្ថានដើម្បីវែករកមុខ​ក្រុម​ព្រាន​បន្ត​ទៀត ។ ក្រោយ​ធ្វើការ​សាកសួរ​ចម្លើយ​រួច ត្រូវ​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​២​នាក់​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​តាម​ផ្លូវ​តុលាការ៕

ដោយ៖ សូរិយា


ចែករំលែក៖