ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកលើសទម្ងន់ចំនួន ១១គ្រឿង ត្រូវបានពិន័យ ក្នុងនោះឃាត់រក្សាទុក ១ឆ្នាំ ចំនួន ០១គ្រឿង នៅចំណុច ០២ទីតាំងផ្សេងគ្នា ក្នុងខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ និងខេត្ត​សៀមរាប​​៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅព្រឹកថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ រថយន្តដឹកលើសទម្ងន់ចំនួន ១១គ្រឿង ត្រូវបានពិន័យ ក្នុងនោះឃាត់រក្សាទុក ១ឆ្នាំ ចំនួន ០១គ្រឿង នៅចំណុច ០២ទីតាំងផ្សេងគ្នា ក្នុងខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។ 

ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​ចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ០២ទីតាំងផ្សេងគ្នាទទួលបានលទ្ធផល ដូចខាងក្រោម៖

– ផ្លូវជាតិលេខ៧ ចំណុចគ.មលេខ១៩៦+៣០០  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រួតពិនិត្យយានយន្តចំនួន ០ ១គ្រឿង មានបំពាក់ឡូហ្គោ TS  ផ្ទុកទម្ងន់សរុប ៦៨តោន គិតជាភាគរយគឺលើសចំនួន ៥១% នៃច្បាប់អនុញ្ញាត 

– ផ្លូវជាតិលេខ៦៨ ស្រុកស្រីស្នំ ខេត្តសៀមរាប បានត្រួតពិនិត្យយានយន្តចំនួន ១០គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៤៦តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦%ដល់ ៨៤% នៃច្បាប់អនុញ្ញាត 

សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ០២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១១គ្រឿងលើសទម្ងន់ទាំងអស់ ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៦៨តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦% ដល់ ៨៤% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០១គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

 ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕

ដោយ​៖ តារា​


ចែករំលែក៖