ព័ត៌មានទាន់ហេតុការណ៍៖

CDC៖​ ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា​ សម្រេចបានប្រមាណ ៦០% នាពេលបច្ចុប្បន្ន ដែលមានអត្រាខ្ពស់នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឡាវ និងវៀតណាម

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Cooperation – IFC) នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អមដោយលោកស្រីនាយកធនាគារពិភពលោកប្រចាំកម្ពុជា និងលោក លោកស្រី ដែលជាតំណាង IFC ប្រចាំនៅប្រទេសកម្ពុជា ប្រទេសវៀណាម និងសឹង្ហបូរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ កាលពីរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានទទួលជួបពិភាក្សាជាមួយលោក Riccardo Puliti និងសហការី ព្រមទាំងបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងសម្តេធិបតីនាយករដ្ឋមន្រ្តីកម្ពុជា រក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងឱកាសនៃទស្សនកិច្ចមកកម្ពុជាលើកទី១នេះ លោក Riccardo Puliti  បានសម្ដែងនូវសោមនស្សរីករាយដែលបានទទួលឱកាសក្នុងការចូលជួពសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។ លោកបានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី ថា IFC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យមើល និងផ្តល់ការប្រឹក្សាប្រតិបត្តិការវិនិយោគលើគ្រប់វិស័យនៅក្នុងតំបន់និងជួយធនាគារពិភពលោកអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព។

ជាមួយនេះ លោក Riccardo Puliti  បានបន្ថែមថា IFC បាន និងកំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា ហើយបង្ហាញពីបំណងពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហការនេះ និងស្វែងយល់បន្ថែមអំពីសក្តានុពលរបស់កម្ពុជា ពិសេស អំពីគោលនយោបាយ និងវិស័យអាទិភាពសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ពិសេស តើ IFC អាចចូលសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាលើផ្នែកអ្វីខ្លះ?

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបថា ដើម្បីសម្រេចចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានយកវិស័យឯកជនជាដៃគូ និងជាក្បាលម៉ាស៊ីនសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់បរិកាសវិនិយោគឱ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ជាមួយនឹងការអនុម័តច្បាប់វិនិយោគថ្មីនៅឆ្នាំ២០២១ អ្នកវិនិយោគបរទេសអាចដាក់ទុនវិនិយោគលើគ្រប់វិស័យ និងធ្វើជាម្ចាស់អាជីវកម្ម១០០% មិនមានការរើសអើង និងផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ហើយច្បាប់វិនិយោគកម្ពុជាបានផ្តល់អាទិភាពលើវិស័យអាទិភាពមួយចំនួន ដូចជា ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច យានយន្ត កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃកសិកផល ឧស្សាហកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ   ឡូជីស្ទិក និងទេសចរណ៍ ជាដើម។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលជាវិស័យដ៏សំខាន់ ដើម្បីចូលរួមឈានទៅសម្រេចគោលដៅខាងលើ ដោយរាជរដ្ឋាភិបាលបានអនុម័តនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលមានគម្រោងចំនួន ១៧៤ ដែលត្រូវការថវិកាវិនិយោគប្រមាណជាង ៣៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះរួមមាន គម្រោងផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស និងមជ្ឍមណ្ឌលភស្តុភាកម្ម ផងដែរ ដែល IFC អាចចូលរួមជួយអភិវឌ្ឍ ដោយពិនិត្យជ្រើសរើសយកគម្រោងអាទិភាពបំផុតចំនួន៥ មកពិនិត្យ និងវិនិយោគ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបអំពីគម្រោងព្រែកជីកហ្វូណនតេជោ និងវឌ្ឍនភាពនៃគម្រោងនេះ ដែលជាគម្រោងប្រវត្តិសាស្រ្តនិងមានអត្ថប្រយោជន៍ខ្ពស់ ដោយជួយកាត់បន្ថយចំណាយដឹកជញ្ជូន ការខូចផ្លូវថ្នល់ និងស្ទះចរាចរណ៍ និងជួយទ្រទ្រង់ដល់វិស័យផ្សេងៗ ទៀតជាច្រើនផងដែរ។

ចំពោះវិស័យថាមពលស្អាត លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបានប្រមាណ ៦០% នាពេលបច្ចុប្បន្ន ដែលមានអត្រាខ្ពស់នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឡាវ និងវៀតណាម ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០ និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ដែលកម្ពុជា ត្រូវការដៃគូអភិវឌ្ឍន៍ធ្វើកិច្ចសហការអភិវឌ្ឍន៍លើវិស័យនេះផងដែរ។

ជាការឆ្លើយតប លោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងនាមរូបលោកផ្ទាល់ និងសហការី បានថ្លែងនូវអំណរគុណចំពោះ​ លោកឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់នូវកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនាពេលនេះ និងផ្តល់នូវកិច្ចសហការល្អជាមួយ IFC នាពេលកន្លងមក ហើយលោក និងសហការីមានការចាប់អារម្មណ៍ខ្ពស់លើគម្រោងដែល លោកឧបនាយករដ្ឋមន្រ្តីផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖