ភ្នំពេញ ៖ ចុម …ដើរពិនិត្យរៀបចំពេទ្យកូវីដ-១៩ រាប់ម៉ោងមិនអី គ្រាន់តែលួចទម្រេតខ្លួនមិនដល់ ៥នាទីផងត្រូវគេលួចថតបានបាត់ …រកអ្នកថតអត់ឃើញ ឃើញតែរូបថតគេចែកចាយគ្នា…សម័យបច្ចេកវិទ្យា ពិបាករួចខ្លួនមែន ។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងរូបថត១សន្លឹក ដែលសម្តេចល្វើយហត់ការងារខ្លាំងពេក ក៏ទម្រេតបន្តិច ត្រូវបានគេលួចថត កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន៤ឆ្នាំហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះថា ៖ រូបថតនេះ គឺក្នុងពេលដែលខ្ញុំកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ ខ្ញុំនៅចាំច្បាស់ថានៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់អំពីអនាគតរបស់ប្រទេសជាតិនិងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លងនិងស្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសនានាលើសាកលដោយសារជំងឺកូវីដ១៩។
ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើងមិនអាចរ៉ាប់រងបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រំលេចថា ៖ ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់ខ្ញុំនាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានិងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។ ហេតុដូច្នេះយើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ ៕
ដោយ ៖ សិលា