ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ឆ្នាំ២០២៥នេះថា កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានបង្ហាញមុខជនដៃដល់ម្នាក់ ជាសាធារណៈ និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ នៅខណ្ឌដូនពេញ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីស្ដ្រីម្នាក់ ដែលអះអាងថា កូនស្រីរបស់ខ្លួនអាយុ៦ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើការរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅវេលាម៉ោង១៤៖៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទួន គឹមហុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
ដោយ៖ តារា