ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រប់អង្គការ ចាត់តាំងរបស់បក្ស បន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យ គ្រប់អង្គការចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជា ពិសេស គណៈចលនាមហាជនគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ។ សម្ដេចតេជោ ប្រធានគណបក្សបក្រជាជនកម្ពុជា បានថ្លែងដូច្នេះ  ក្នុងឱកាសអញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីធានាភាពជោគជ័យរបស់គណបក្ស ការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ក្នុងចំណោមមហាជន ជាកិច្ចការត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយគណៈចលនាមហាជនរបស់គណបក្ស បានដើរតួនាទីសំខាន់លើកិច្ចការនេះ។

សម្ដេចតេជោ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ។

សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា តាមរយៈការរួមចំណែកដ៏សំខាន់ ក្នុងការនាំមកនូវជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា គណៈចលនាមហាជន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាសេនាធិការឱ្យគណៈកម្មាធិការគណបក្សគ្រប់កម្រិតក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេស ការប្រមូលផ្តុំកម្លាំងគណបក្ស ក្នុងចំណោមមហាជនទូទៅ ។

សម្ដេចតេជោ ក័បានណែនាំឱ្យបន្តពង្រឹងពង្រីក អង្គការចាត់តាំង ពង្រឹងការអនុវត្តតួនាទី ភារកិច្ច របៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេស ត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្សលើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្សរាជធានីខេត្ត។

នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញការតាមដាន វាយតម្លៃឱ្យបានជាប់លើមតិ ការយល់ឃើញ របស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់ រាជរដ្ឋាភិបាល និងគណបក្ស ។

បន្ថែមពីនេះ ត្រូវបង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋនៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងពង្រឹងការងារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃណី និងបែបឌីជីថល ពិសេស ជំរុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ប្រព័ន្ធអនឡាញ ដែលមានចេតនាផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌ ត្រូវមានវិធានការ ជាបន្ទាន់៕

ដោយ ៖ សិលា


ចែករំលែក៖