ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺជុំវិញការចុះផ្សាយ​ថា៖ មហាជនសំណូមពរដល់ លោកឈឿន សុចិត្ត និងលោក គួច ចំរើន សូមមត្តាចាត់វិធានការ ទៅមន្ត្រីសាលាស្រុកលើកដែកម្នាក់ឈ្មោះ លុច ពន្លឺ វ៉ៃពលរដ្ឋ និងបាញ់មេឃមួយគ្រាប់ រួចធ្វើរត់ទៅប្ដឹងប៉ូលីសប៉ុស្តិ៍ដើម្បីរកយុត្តិធម៌ឱ្យខ្លួនឯងទៅវិញ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ សាន់ដេធីវីអនឡាញ ដែលបានចុះផ្សាយមានខ្លឹមសារថា៖ មហាជនសំណូមពរដល់ លោកឈឿន សុចិត្ត និងលោក គួច ចំរើន សូមមត្តាចាត់វិធានការ ទៅមន្ត្រីសាលាស្រុកលើកដែកម្នាក់ឈ្មោះ លុច ពន្លឺ វ៉ៃពលរដ្ឋ និងបាញ់មេឃមួយគ្រាប់ រួចធ្វើរត់ទៅប្ដឹងប៉ូលីសប៉ុស្តិ៍ដើម្បីរកយុត្តិធម៌ឱ្យខ្លួនឯងទៅវិញ។

  ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកអធិការនគរបាលស្រុកលើកដែក បានបញ្ជាកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកដាច់ ចុះពិនិត្យស្រាវជ្រាវរករណីខាងលើទទួលបានជាលទ្ធផលដូចខាងក្រោម៖

-ករណី៖ហិង្សាដោយចេតនា

-កេីតហេតុ៖​ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២១​ និង០៥នាទី 

-ទីតាំងកេីតហេតុ ៖ បរិវេណបន្ទប់ទឹកមណ្ឌលកំសាន្ដ​ មីស្ទ័រលេង​ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។

+ជនរងគ្រោះ០១នាក់

-ឈ្មោះ លុច​ ពន្លឺ ភេទប្រុស អាយុ​ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ​ មានទីលំនៅភូមិ​ព្រែកតូច​ ឃុំព្រែកដាច់​ ស្រុកលេីកដែរ​ ខេត្ត​កណ្ដាល (បែកបបូរមាត់ខាងឆ្វេង)។

*ជនសង្ស័យចំនួន០២នាក់​ រួមមាន​៖​ ១-⁠ឈ្មោះ​ គុជសុជាតា​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ ដើររោងការ មានទីលំនៅ​ភូមិ​ព្រែកដាច់​ ឃុំព្រែកដាច់​ ស្រុកលេីកដែរ​ ខេត្ត​កណ្ដាល។ (គេចខ្លួន)​ និង២-ឈ្មោះ សារិន សាវឿន ភេទប្រុស អាយុ​ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ (គេចខ្លួន)

+វត្ថុតាងចាប់យករួមមាន៖ អំបែងចាន និងអំបែងកែវ (ជារបស់ក្រុមជនសង្ស័យ)។

    គួរបញ្ជាក់ថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ លុច​ ពន្លឺ​ កំពុងតែអង្គុយហូបអាហារជាមួយបងប្អូននៅក្លឹបកំសាន្ដ​ មីស្ទ័រលេង ស្រាប់តែឈ្មោះគុជ​ សុជាតា​ បានស្រែកឌឺដងនិងផ្លែផ្កាទៅលេីជនរងគ្រោះនិងបងប្អូ​ន​ ពេលហូបបានមួយសន្ទុះក្រោយមកជនរងគ្រោះបានដេីរទៅបន្ទប់ទឹកម្នាក់ឯងពេលនោះឈ្មោះ​ គុជ​ សុជាតា​ បានដេីរទៅបន្ទប់ទឹកដែរពេលនោះជនរងគ្រោះក៏បានទាត់លលេងទៅឈ្មោះ គុជ​ សុជាតា​ មួយជេីងលេង​រួចក៏បានទាស់ពាក្យសំដី គ្នាស្រាប់តែឈ្មោះ គុជ​ សុជាតា​ បានស្ទុះមកវាយជនរងគ្រោះមួយដៃចំមាត់បណ្ដាលឱ្យបែកចេញឈាម​ហេីយអ្នកនៅជិតនោះក៏បានចូលទៅឃាត់និងបំបែកគ្នាចេញ​។ 

បន្ទាប់មកឈ្មោះ​គុជ​ សុជាតា​ បានដេីរចេញមកក្រៅមុន ហេីយជនរងគ្រោះក៏បានលាងរបួសនៅក្នុងបន្ទប់ទឹក បក្រោយពីលាងរបួសរួចជនរងគ្រោះបានដេីរទៅកន្លែងហូបចុកវិញ​ បានបន្តិចសន្ដិសុខក៏បានដេីរមកប្រាប់ជនរងគ្រោះថា ឈ្មោះ គុជ​ សុជាតា កំពុងឈរជេរបងឯងនៅខាងក្រៅកន្លែងហូបចុកលឺដូចនេះជនរងគ្រោះក៏បានដេីរមកក្រៅហេីយប្រាប់សន្ដិសុខថាឱ្យ​វាទៅផ្ទះទៅព្រោះស្រវឹងហេីយ​ រួចជនរងគ្រោះបានដេីរចូលក្នុងវិញហៅគេឱ្យមកគិតលុយ​ ហើយក៏នាំបងប្អូនចេញទៅផ្ទះពេលដេីរចេញមកក្រៅក៏បានឃេីញឈ្មោះ គុជ​ សុជាតា និងឈ្មោះ វឿន នៅឈរជេរប្រមាថ​ ដៀមដាម​ មកលេីខ្លួននិងបងប្អូន ពេលនោះឈ្មោះ ប៊ុនលី ឃើញចឹងបានហៅឈ្មោះ គុជ សុជាតា និងបក្ខពួក ឱ្យទៅផ្ទះ តែឈ្មោះ គុជ សុជាតា មិនព្រមទៅផ្ទះ នៅតែស្រែកជេរ មកលើជនរងងគ្រោះនិងបានបបួលជនរងគ្រោះវាយគ្នាមួយស្មើ ពេលនោះលោក ឡុង ផល្លីន បានតេទូរស័ព្ទទៅប្តឹងលោកអធិការនគរបាលស្រុកលើកដែក ក្រោយពីទទួលបណ្តឹងភ្លាម លោកអធិការបានបញ្ជាឱ្យកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ចេញអន្តរាគមន៍បញ្ឈប់កុំឱ្យកើតរឿងកាន់តែធំ  ពេលនោះលោក ឡុង ផល្លីន បានបែងចែកកម្លាំងជាពីរក្រុម មួយក្រុមនៅមុខក្លឹបមីស្ទ័រលេង និងមួយក្រុមទៀតដេញតាមជនបង្ក ។ រហូតដល់ផ្លូវចូលភូមិព្រែកដាច់ខាងជើង កម្លាំងយើងដេញតាមចូលមកក្នុងជិតដល់ផ្ទះជនបង្កហើយបានជំរាបសួរ និងសួរនាំជាមួយឪពុក និងប្អូនប្រុសរបស់ជនបង្កនៅខាងក្រៅរបងមុខផ្ទះជនបង្ក ស្រាប់តែបក្ខពួកជនបង្កមានគ្នាមួយក្រុម បានយកចាននិងកែវគប់មកលើកម្លាំងសមត្ថកិច្ចជំនាញ​ ពេលនោះកម្លាំងសមត្ថកិច្ចជំនាញ​ ក៏បានបាញ់ឡើងលើមួយគ្រាប់គំរាមដើម្បីកុំឱ្យជនសង្ស័យ គប់មកលើសមត្ថកិច្ចបន្តទៀត ពេលនោះក្រុមពួកជនសង្ស័យបានរត់គេចខ្លួនចូលព្រៃស្វាយបាត់ រួចកម្លាំងជំនាញបានធ្វើការប្រមូលយកវត្ថុតាងទាំងនោះបញ្ជូនមកអធិការដ្ឋានតែម្តង។

ចំពោះ​ចំណាត់ការ៖​ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ តំណាងភាគីខាងជនបង្ក (ត្រូវជាម្តាយរបស់ឈ្មោះ គុជ សុជាតា) បានចូលខ្លួនមកធ្វើការសម្របសម្រួលបញ្ចប់រឿងជាមួយភាគីខាងដើមបណ្តឹង ដោយធ្វើកិច្ចសន្យា និងដកពាក្យបណ្តឹងឈប់ប្តឹងផ្តល់គ្នាតទៅទៀត។​ អាស្រ័យហេតុនេះ​ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប កុំមានការភាន់ច្រឡំ!៕

ដោយ​៖ តារា​


ចែករំលែក៖