ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃេីញសាកសពបុរសម្នាក់ដែលជាឃាតកវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅភ្លើងស្តុប២០០៤ បានអណ្តែតហេីយ គឺនៅចំណុចខាងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសន្តិសុខបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានដើរមើលជុំវិញផែអូប័រដើម្បីសម្អាតកំប្លោក ក៏ស្រាប់តែប្រទះឃើញសពបុរសម្នាក់ បានអណ្តែតផ្កាប់មុខនៅជាប់មាត់ច្រាំងទន្លេ ក្បែរនឹងផែអូប័ររបស់សណ្ឋាគារកាំបូឌីយ៉ាណាតែម្តង ។ ភ្លាមៗនោះ គាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមក ត្រួតពិនិត្យសាកសពខាងលើខាងម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យបានរកឃើញថា សពបុរសខាងលើ នៅផ្នែកដៃខាងឆ្វេងមានសាក់ឈ្មោះ អន លក្ខិណា ដែលដូចទៅនឹងពាក្យបណ្តាំដែលបន្សល់ទុកនៅលើស្ពានជ្រោយចង្វា ដែលពាក់ព័ន្ធនឹងករណីសមត្ថកិច្ចបានសន្និដ្ឋានដូចទៅនឹងឃាតក រងចាំតែសមត្ថកិច្ចខណ្ឌសែនសុខរួមនឹងសាច់ញា្ញតិមកបញ្ជាក់បន្ថែមទៀតប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចក្ខុនិងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យសព ។ បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់ សពបានយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង៥ និង៥៣នាទីព្រឹក ត្រង់ចំណុចភ្លើងស្តុប ២០០៤ មុខការដ្ឋានកំពុងសាងសង់ធនាគារABA ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីឃាតកម្មមួយបានកើតឡើង ដែលសពស្រ្តីរងគ្រោះមានឈ្មោះ នាង ចិន្តា ហៅ (លក្ខ័ណា) អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលក្នុងភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញស្ត្រីរងគ្រោះបានជិះរ៉ឺម៉កដឹកភេសជ្ជៈរបស់ខ្លួនមកឈប់នៅមុខការដ្ឋានសាងសង់ធនាគារ ABA ពេលកំពុងតែរៀបចំកន្លែងលក់ដូរស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់នៅក្បែរហើយយកដែកចេញពីក្នុងថង់វាយទៅលើស្ត្រីរងគ្រោះពីក្រោយបណ្ដាលឲ្យដួលស្លាប់ រួចឃាតកបានជិះម៉ូតគេចខ្លួនបាត់ ។ យោងតាមកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង០៥និង៥៣នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះកំពុងឈរម្នាក់ឯងនៅជាប់ជាមួយរ៉ឺម៉កលក់ភេសជ្ជៈ ហើយជនសង្ស័យដើរពីក្រោយដោយយួរថង់ពណ៌ទឹកក្រូច ពាក់មួកសុវត្ថិភាពរួចយកដែកថ្នាំងអំពៅចេញពីថង់ វាយទៅលើនារីរងគ្រោះបណ្ដាលឲ្យដួលរួចគេចខ្លួនបាត់ទៅ ។
ក្រោយមកក៏មានករណីធ្វើអត្ដឃាតនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែល មានបុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BK. 4601 ទៅលោតទឹកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿង រូបថតរៀបអាពាហ៍ពិពាហ៍ ទូរស័ព្ទនិងបណ្ដាំចុងក្រោយសរសេរថា ខ្ញុំបាទឈ្មោះ សុខ រំចង់ ស្រលាញ់ អូន លក្ខណា ជីវិតចុងក្រោយ ថ្ងៃណាមួយខ្ញុំសម្រេចចិត្តស្លាប់ទៅ សុំទោសពុកម៉ែបងប្អូនទាំងអស់ ដែលខ្ញុំស្រលាញ់ប្រពន្ធខ្លាំងពេក ខ្ញុំមើលថែគាត់រាល់ថ្ងៃ ធ្វើអ្វីក៏ខុសៗៗមិនដែលត្រូវ កើតជាតិក្រោយប្រាថ្នាជួបអូនគ្រប់ជាតិៗ ៕
ដោយ ៖ ភារ៉ា ដង្កោ