ភ្នំពេញ៖ បុរសជាប្តីចេញមកពីធ្វើការត្រឡប់ដល់បន្ទប់ជួលវិញស្រាប់តែឃើញប្រពន្ធបាននាំប្រុសស្នេហ៍មកដេកកៀកកើយនៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្ដរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ស្ថិតនៅផ្លូវបេតុង ម្តុំផ្សារដីថ្មី ត្រង់ចំណុចបន្ទប់ជួលបើកហាងសាឡនមួយកន្លែងមានស្លាកយីហោ (ហេង លាភ) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
បើយោងតាមបុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញទៅធ្វើការបាត់ ទុកកូនស្រីអាយុ៣ឆ្នាំឲ្យនៅជាមួយប្រពន្ធរបស់ខ្លួនក្នុងបន្ទប់ជួលខាងលើ ។ លុះពេលដែលគាត់ចេញពីធ្វើការត្រឡប់មកបន្ទប់វិញ ក៏ស្រាប់តែឃើញមានបុរសជាសហាយស្មន់កំពុងតែនៅក្នុងបន្ទប់ជួលដេកកៀកកើយជាមួយនឹងប្រពន្ធខ្លួនរួមនឹងកូនរបស់ខ្លួននៅក្នុងបន្ទប់នោះដែរ។ បន្ទាប់មករូបគាត់ក៏ទប់ចិត្តបានដោយមិនប្រើអំពើរហិង្សាដាក់ប្រពន្ធនិងសហាយនោះទេ បានត្រឹមតែឈរមើលរួចដើចេញពីក្នុងបន្ទប់ យកសោចាក់ពីខាងក្រៅ រួចតេប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានទទួលព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី៣ បានចុះទៅដល់ទីតាំងកើតហេតុធ្វើការអន្តរាគមន៍និងនាំប្តីប្រពន្ធនិងបុរសដែលជាសហាយទៅធ្វើការសាកសួរនៅប៉ុស្តិ័នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣តាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ