ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានលោកមេភូមិប្រទះឃើញដេកស្លាប់នៅជាប់ខ្លោងទ្វារវត្តទួលសុភាឃួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង១៥ នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
សពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយមានអាយុប្រហែលជាង៣០ឆ្នាំ សម្បុរខ្មៅ ស្លៀកខោខាវប៊យពណ៌ទឹកប៊ិចជើង វែង ពាក់អាវដៃវែងពណ៌សឆ្នូតខ្មៅ ។
យោងតាមកាំម៉ារ៉ាសុវត្ថិភាពដែលបំពាក់នៅមុខខ្លោងទ្វារវត្ត បានបង្ហាញឲ្យឃើញ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ មានរថយន្តមួយគ្រឿងពណ៌ទឹកប្រាក់មិនចាំស្លាកលេខនិងម៉ាក បានដឹកបុរសខាងលើនេះមកទុកចោលខណៈរូបគាត់នៅមានដង្ហើមនិងនៅកំរើកដៃជើងបាននៅឡើយ ។
លុះព្រឹកឡើងទើបលោកមេភូមិដើរបោសសំរាមនៅវត្តក៏ប្រទះឃើញបុរសខាងលើនេះដេកស្លាប់ខាងក្រោយរូបតោថ្មមុខខ្លោងទ្វារវត្តបង្កឲ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍បន្តទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះមកធ្វើការហ៊ុមព័ទ្ធនៅទីតាំងកើតហេតុខាងលើនិងបានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព ៕
ដោយ៖ សុខា សែនជ័យ