ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវដល់ប្រជានេសាទ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល​ ប្រេីប្រាស់ឧបករណ៍ស្របច្បាប់​ និងនេសាទតាមច្បាប់កំណត់​

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណេីរជាមួយលោកឯកអគ្គរដ្ឋទូត​ចិន ក្រុមសហភាពអឺរ៉ុប​ និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងដំណេីរចុះទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ​ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន​ ក្នុងតម្លៃធូរថ្លៃ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

បើតាម​ លោករដ្ឋមន្ត្រី សមិទ្ធផលនេះមិនមែនកេីតឡេីងដោយចៃដន្យទេ​ គឺជាកិច្ចខិតខំប្រឹងប្រែង​ក្នុងការគ្រប់គ្រង​ និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផល​បានត្រឹមត្រូវ​ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល​ កងកម្លាំងចម្រុះ​ សហគមន៍នេសាទ​ និងបងប្អូនប្រជានេសាទផងដែរ។

លោករដ្ឋមន្ត្រី​ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា​ ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ ផ្តល់នូវអាហារូបត្ថម្ភ​ដែលមានជីវជាតិគ្រប់គ្រាន់។

ជាថ្មីម្តងទៀត​ លោករដ្ឋមន្ត្រី​ អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល​ ប្រេីប្រាស់ឧបករណ៍ស្របច្បាប់​ និងនេសាទតាមច្បាប់កំណត់​ ដេី​ម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ៕

ដោយ​៖ តារា​


ចែករំលែក៖