ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ “ក្រសួងព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធ ភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ”។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ 

អ្នកនាំពាក្យ បានបន្ថែមថា៖ “គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៣ ៦៥១ករណី ដែលចំនួននេះបានកើនឡើងប្រមាណជិត១៤ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣ ២០៨ករណី។ ក្នុងស្ថានភាពនេះ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យជាប់លាប់ និងកាន់តែខ្លាំងក្លាជាងមុន ក្នុងការជំរុញប្រសិទ្ធភាពយន្តការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាដាក់ចេញនូវយន្តការភ្ជាប់ជាមួយនឹងមធ្យោបាយសម ស្របនានា ដើម្បីឆ្លើយតបទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិ ងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព”។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ពីការសាយភាយព័ត៌មានក្លែងក្លាយគឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសកល។ ព័ត៌មានក្លែង ក្លាយបានមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្តល់ និងទទួលព័ត៌មាន ពោលគឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)។ 

ទន្ទឹមនេះដែរ ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួល ចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ពិតជាមានតួនាទីសំខាន់ក្នុងការរួម ចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែង ក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង។ 

អ្នកនាំពាក្យបានរំលេចពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News!» ដែលក្រសួងព័ត៌មាននឹងរៀបចំនៅពេលខាងមុខនេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់រួមចំណែកកាត់បន្ថយឱ្យមកកម្រិតអប្បបរមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គោលដៅនៃយុទ្ធនាការនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ 

បន្ថែមពីលើនេះ អ្នកនាំពាក្យបានស្នើឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗត្រូវយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសមុនការចែក ចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន ពេលនោះយើងម្នាក់ៗនឹងអាចរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុល ចេញពីក្នុងលំហព័ត៌មានរបស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការរស់នៅ ដើម្បីបន្តធានាស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ 

ដូច្នេះដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីបញ្ជៀសការខាតបង់ពេលវេលា ប្រាក់កាស ឬទ្រព្យសកម្មនានាដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីព័ត៌មានក្លែងក្លាយ ៕

ដោយ៖ សូរិយា


ចែករំលែក៖