ខេត្តកណ្តាលៈ រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនមួយចំនួន ដែលភាគច្រើនបើកបរដោយយុវជនវ័យក្មេង កំពុងធ្វើអោយប្រជាពលរដ្ឋ និងអ្នកដំណើរមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងដោយសារតែអ្នកបើកបររថយន្តកុងតឺន័រទាំងនោះ បើកក្នុងល្បឿនលឿន និងប្រជែងគ្នាក្នុងស្ថានភាពផ្លូវមានឧបសគ្គ មិនគិតពីគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។
ជាក់ស្តែងនៅវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នេះរថយន្តកុងតឺន័រមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបានបុកអ្នកជិះម៉ូតូបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុចំណែកម៉ូតូបាក់ជា២កំណាត់ដោយឡែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាក ដេវ៉ូ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2775 នៅលើក្បាលរថយន្តសរសេរអក្សរធំៗ ” កំពង់ផែស្វយ័តភ្នំពេញ ” ។
ចំណែកជនរងគ្រោះមានឈ្មោះសោម សារ៉ាយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកឿនស្វាយ ជិះម៉ូតូម៉ាកសេ១០០ កូរ៉េគ្មានស្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយដែលចុះទៅពិនិត្យកន្លែងកើយហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយអ្នកបើកបររថយន្តកុងតឺន័រធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ពេលទៅដល់កន្លែងកើតហេតុក៍បើកប្រជែងរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលនៅពីមុខ ។ ពេលកំពុងបើកប្រជែងនោះក៍ជ្រុលទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូម្នាក់ឯងក្នុងទិសដៅផ្ទុយគ្នាចំពីមុខពេញទំហឹងតែម្តង បើនិយាយពីច្បាប់ចរាចរវិញរថយន្តកុងតឺន័របើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គរំលោភទាំងស្រុងទៅខាងស្តាំរបស់ម៉ូតូ ។
ក្រោយបង្កហេតុអ្នកបើកបរបានទុករថ យន្តចោលហើយគេចខ្លួនបាត់ ដោយឡែកមធ្យោបាយទាំ២គ្រឿសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស