ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីចាប់ផ្តើមយុទ្ធនាការបោសសម្អាតគ្រឿងញៀនដូចហ្វីលីពីន

ចែករំលែក៖

ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាក់ថា គ្រឿងញៀនកំពុងតែគំរាមកំហែងដល់ប្រទេសជាតិ ខ្លាំងជាងក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីទៅទៀត ។ នៅពេលនេះ ឥណ្ឌូនេស៊ីចាប់ផ្តើម ដើរតាមកន្លងរបស់ហ្វីលីពីន ក្នុងការបោសសម្អាត់ក្រុមជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់ទាំងនោះ ។

បើទោះបីមានការប្រឆាំងពីគោលនយោបាយប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីន ដែលបានសម្លាប់មនុស្សជាង២ពាន់នាក់ ប៉ុន្តែការបង្ក្រាបបែបនេះ នាំមកនៅជោគជ័យជាច្រើន ដល់សន្តិសុខសុខជាតិ ។ ចាប់តាំងពីខែមិថុនាមកទល់ពេលនេះ មានក្រុមជួញដូរគ្រឿងញៀនរាប់រយនាក់ត្រូវបានកម្ចាត់ ចំណែកអ្នកញៀនថ្នាំ ក៏បានកែខ្លួន ដោយចេញទៅសារភាពចំពោះមុខប៉ូលិស ។

ដោយមើលឃើញនៅភាពជោគជ័យទាំងនោះ ប្រទេសជិតខាង ឥណ្ឌូនេស៊ីក៏បានឡើងគម្រោង កម្ចាត់ក្រុមជួញដូរគ្រឿងញៀន នៅទូទាំងប្រទេស ។ កាលពីថ្ងៃទី៨ ខែកញ្ញា អ្នកទទួលបន្ទុកប្រឆាំងគ្រឿងញៀនរបស់ឥណ្ឌូនេស៊ី លោក Budi Waseco បានបញ្ជាក់ថា ស្ថាប័ននេះកំពុងតែបង្កើនកម្លាំងនិងអាវុធសម្រាប់ប្រតិបត្តិការទ្រង់ទ្រាយធំកម្ចាត់គ្រឿងញៀន ។

លោក Budi Waseco បញ្ជាក់ទៀតថា ស្ថានភាពគ្រឿងញៀននៅក្នុងប្រទេសនេះអាក្រក់ដូចជាហ្វីលីពីនអីចឹងដែរ ដូច្នេះត្រូវតែមានប្រតិបត្តិការកម្ចាត់ខ្លាំងបំផុតទើបអាចរក្សាសណ្តាប់ធ្នាប់ប្រទេសបាន ។លោកបានបន្តទៀតថា ក្រុមជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សជាច្រើន ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវលើកលែងនោះឡើយ។ ប៉ុន្តែឥណ្ឌូនេស៊ី និងមិនធ្វើដូចជាហ្វីលីពីនឡើយ ដោយប្រទេសនេះនឹងដាក់ទោសទៅតាមច្បាប់៕  ម៉ែវ សាធី

 

ses


ចែករំលែក៖