ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរបណ្តេញជនជាតិវៀតណាមខុសច្បាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី២នាក់ ឲ្យត្រឡប់ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញតាមច្រកព្រំដែនបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានថ្លែងថា ជនជាតិវៀតណាមទាំង១៣នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីពេលថ្មីៗ នៅក្នុងខេត្តសៀមរាប ស្ទឹងត្រែង និងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញថា ពួកគេចូលមករស់នៅដោយខុសច្បាប់ និងធ្វើការដោយខុសច្បាប់ ។
ប្រភពអះអាងថា ក្នុងឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិបរទេសខុសច្បាប់ទៅកាន់ប្រទេសដើមខ្លួនវិញចំនួន២៧៨៤នាក់ ក្នុងនោះស្រីមានចំនួន៥៥៦នាក់ ស្មើរនឹង៥៦សញ្ជាតិ ។
ប្រភពអះអាងថា បើគិតចំនួនរយៈពេល៣ឆ្នាំ នៃការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មក គឺសមត្ថកិច្ចបានបណ្តេញជនជាតិបរទេសចំនួន ១.១០៦៩នាក់ ក្នុងនោះស្រីមានចំនួន១៥៥៦នាក់ ស្មើនឹង៦៨សញ្ជាតិផងដែរ ៕ ថាច់ យ៉ាត