ខេត្តរតនគិរី៖ រថយន្តតូយូតា តាកូម៉ាមួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ តាកែវ 2A.0849 ដឹកឈើលោតឆត្រ ប្រភេទធ្នង់ ចូលក្រុងបានលុង ត្រូវក្រុមចម្រុះស្ទាក់ចាប់បាននៅចំណុចជិតរង្វង់មូលយាយទូលចេក ។
ការស្ទាក់ចាប់រថយន្តដឹកឈើលោតឆត្រនេះ នៅវេលាម៉ោង10និង20នាទីយប់ ថ្ងៃទី8 ខែកញ្ញាឆ្នាំ2016 លើដងផ្លូវជាតិលេខ78 ស្ថិតក្នុងភូមិ1 សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
លុះព្រឹកឡើងថ្ងៃទី 9ខែកញ្ញ ឆ្នាំ២០១៦ កម្លាំងចម្រុះ ក៏បានប្រគល់រថយន្ត និងឈើជាវត្ថុតាង ទៅឲ្យខាងផ្នែករដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងដោយលោកហុង សុវណ្ណរាន ជានាយផ្នែកគ្រប់គ្រង3ក្រុងស្រុក ប៉ុន្តែខាងផ្នែករដ្ឋបាលព្រៃឈើលំផាត់ ពុំហ៊ានទទួលទេ ។ ករណីនេះ គេសង្ស័យថា បានទទួលលាភសក្ការ:ពីក្រុមឈ្មួញម្ចាស់រថយន្តនោះហើយមើលទៅ ក៏យកលេសថាកន្លែងចង្អៀតដាក់មិនកើត ទើបឲ្យសមត្ថកិច្ចចម្រុះប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើវិញ ។
បើតាមការបញ្ជាក់ពីក្រុមចម្រុះបានឲ្យដឹងថា រថយន្តនេះដឹកឈើជារៀងរាល់ថ្ងៃ ឲ្យតែមកដល់ទីរួមខេត្ត គឺបន្ថែមល្បឿងដោយមិនញញើតច្បាប់ចរាចរណ៍នោះទេ ។
ហេតុដូច្នេះ ក៏សង្ស័យបានដេញតាមឃាត់រថយន្តឃើញឈើ រីឯម្ចាស់បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
សមត្ថកិច្ចបានបន្តទៀតថា ឈើទាំងនោះដឹកចេញពីរស្រុកកូនមុំ មកក្រុងបានលុង ហើយបន្តទៅតាមផ្លូវជាតិលេខ78 ឆ្ពោះទៅច្រកទ្វារអន្តជាតិ អូរយ៉ាដាវ តែសំណាងមិនល្អ ក៏ជាប់ដៃសមត្ថកិច្ចតែម្តង។
ខណៈនេះ រថយន្តនិងឈើល្មើសច្បាប់ទាំងនោះ ត្រូវបានសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពក្រុងបានប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីវាស់វែង រីឯឈើទាំងនោះ មានចំនួន47ដុំ កំពុងរក្សាទុកនៅខណ្ឌរដ្ឋព្រៃឈើ ។
ចំណែកម្ចាស់រថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើ ៕ វុទ្ធឦសាន