ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ច្រក​របៀងភូមិ ភិ ស្រុកអូរយ៉ាដាវ ចេញឈើទៅវៀតណាមទាំងយប់ទាំងថ្ងៃ

ចែករំលែក៖

បទល្មើសដឹកជញ្ជូនឈើបានកក្រើកឡើងវិញនៅខេត្តរតនគិរី បើទោះជាពួកគេមិនបានចេញតាមច្រកអន្តរជាតិក៏ដោយ ឈ្មួញបានឃុបឃិតគ្នាជាមួយជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដើម្បីឲ្យឈើអាចឆ្លងទៅវៀតណាមបានតាមច្រករបៀងយ៉ាងអនាធិបតេយ្យ ។ គេបានរាយការណ៍មកថា នៅច្រករបៀង ភូមិ ភិ ស្ថិតក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ការដឹកជញ្ជូនឈើឆ្លងទៅវៀតណាមធ្វើឡើងដូចគេហែកឋិន ។ ច្រកមួយនេះមានចម្ងាយជិត២គីឡូម៉ែត្រពីច្រកអន្តរជាតិអូរយ៉ាដាវ ដែលគេទម្លាយថា សមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកអន្តរជាតិអូរយ៉ាដាវ ក៏ដូចជានគរបាលវរការពារព្រំដែនរបស់ស្នងការនគរបាលខេត្ត បានទទួលផលប្រយោជន៍រាល់សកម្មភាពឈើល្មើសច្បាប់នៅទីនោះ ។ មានឈ្មួញជាច្រើនដូចជាឈ្មោះ ណាក់ ឈ្មោះ វ៉ៃ ឈ្មោះ នូ ឈ្មោះ ណាក់មន្ត្រីប៉ូលិស ឈ្មោះណាក់ក្បាលធំ ឈ្មោះចន្ធី ជាកូនយាយពូន ឈ្មោះស្រី ល័ក្ខណ៍ ឈ្មោះវ៉ែន ឈ្មោះឆៃ ជាមួយនឹងមន្ត្រីនគរបាល និងសមត្ថកិច្ចជាង១០នាក់ទៀត ដែលកំពុងបំពេញការងារនៅច្រកអូរយ៉ាដាវ សុទ្ធតែជាអ្នករកស៊ីដឹកជញ្ជូនឈើឆ្លងទៅវៀតណាមតាមច្រករបៀងមួយនេះ ។ កន្លងទៅ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តែងតែតម្រូវឲ្យឈ្មួញទាំងនោះរកវិធីចាត់ចែងសម្រាប់សមត្ថកិច្ចអាជ្ញាធរ ដើម្បីបញ្ចៀសលេចចេញបាតុភាពនៃការដឹកជញ្ជូនបទល្មើសឈើទាំងនេះ ប៉ុន្តែករណីនេះ មានឈ្មួញខ្លះ បង់ខ្លះ លោតឆត្រខ្លះ ក៏ធ្វើឲ្យសមត្ថកិច្ច ដែលមិនបានកម្រៃ បំបែក ឬទម្លាយរឿងទាំងនេះទៅកាន់សមត្ថកិច្ចផ្សេងទៀត ថ្នាក់លើជាដើម ។ ចំពោះសកម្មភាពឈើល្មើសច្បាប់ ដឹកចូលក្រុងបានលុងទាំងយប់ទាំងថ្ងៃ ក៏ដូចជានៅច្រករបៀងភូមិភិ នៃស្រុកអូរយ៉ាដាវ យ៉ាងប្រសេកប្រសាច ទ្រង់ទ្រាយធំ នៅចំពោះមុខសមត្ថកិច្ច ក្នុងនោះ ក៏មានខាងមន្ត្រីគយ ចាំរាប់ក្បាលឡានយកលុយផងដែរ ។ បញ្ហាបទល្មើសឈើ អាជ្ញាធរខេត្តជំនាញរដ្ឋបាលព្រៃឈើ ហាក់ដូចគ្មានវិធានការបន្តិចទាល់តែសោះក្នុងការទប់ស្កាត់ ទើបឈ្មួញ និងសមត្ថកិច្ចជាច្រើនស្ថាប័ន ហ៊ានគឃ្លើនរកស៊ីបទល្មើសនេះផង យកលុយពីបទល្មើសនេះផង ក្លាយជាវប្បធម៌ដ៏សាមញ្ញ ដែលបង្កើតឲ្យមានអំពើពុករលួយជាលក្ខណៈប្រព័ន្ធនោះ ៕

 


ចែករំលែក៖