ព័ត៌មានទាន់ហេតុការណ៍៖

តួឯកស្រីរឿង«អន អើយស្រីអន» អ្នកស្រី វីរៈ តារា ចង់វិលមករកការសម្តែងជាថ្មី

ចែករំលែក៖

ភ្នំពេញ ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងទសវត្សរ៍ទី៦០ និង៧០ អ្នកស្រីវីរៈ តារា ធ្លាប់បានធ្វើឲ្យទស្សនិកជននៅចងចាំមិនទាន់ភ្លេចនូវទេពកោសល្យសម្ដែងដ៏សក្តិសមឥតខ្ចោះរបស់អ្នកស្រី តាមរយៈខ្សែភាពយន្តនាសម័យនោះ ។ ថ្មីនេះអ្នកស្រីបានវិលមកកម្ពុជានិងបង្ហាញវត្តមានក្នុងកម្មវិធី”មួយម៉ឺនអាល័យ” ដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលដល់ទស្សនិកជន ហើយអ្នកស្រី ក៏បញ្ជាក់ដែរថា មានបំណងវិលមកកាន់ការសម្តែងឡើងវិញ ប្រសិនបើមានឱកាសល្អណាមួយនៅឆ្នាំក្រោយ។

អ្នកស្រីវីរៈ តារា មានឈ្មោះដើមថា គឹម ហៀក កើតនៅឆ្នាំ ១៩៤៧ នៅឯទីរួមខេត្តកំពត ។ ឪពុកអ្នកស្រីមានឈ្មោះ កុក យិនអតីតអ្នកបើកបររថយន្តពេទ្យ ឯម្ដាយអ្នកស្រីឈ្មោះ សេង ញុង ជាមេផ្ទះ ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកលីប៊ុនយីមនៅឆ្នាំ១៩៦៤ គឺមួយឆ្នាំមុនពេល ដែលអ្នកស្រីចូលប្រឡូកវិស័យសិល្បៈហើយមានបុត្រ៥នាក់ សុទ្ធតែប្រុស ។ នៅក្នុងរបបខ្មែរក្រហមអ្នកស្រី និងស្វាមីត្រូវបានជម្លៀសទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពតបានរយៈពេល៥ខែក៏លួចរត់ចេញទៅខេត្តហាទៀង ប្រទេសវៀតណាមហើយ ឆ្លងចូលទៅប្រទេសឡាវ រហូតបានចេញទៅរស់នៅប្រទេសបារាំង នៅចុងឆ្នាំ១៩៧៦ ។អ្នកស្រីបានលែងលះជាមួយស្វាមីគឺលោកលីប៊ុនយីមនៅឆ្នាំ១៩៨៦។សព្វថ្ងៃអ្នកស្រីកំពុងរស់នៅប្រទេសបារាំង ។

អ្នកស្រីវីរៈ តារា បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូងនៅឆ្នាំ១៩៦៥ ក្នុងវ័យ១៨ឆ្នាំ តាមរយៈការជួយជ្រោមជ្រែង របស់លោកលី ប៊ុនយីម ចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត ដែលត្រូវជាស្វាមីរបស់អ្នកស្រី ។ តួប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោក គង់ សំអឿន និងលោកណុបណែម។ អ្នកស្រីបានសម្ដែងភាពយន្តឱ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុបបានប្រមាណ១០រឿង ជាអាទិ៍រួមមាន រឿង«សព្វសិទ្ធិ» ឆ្នាំ១៩៦៥រឿង «ពុទ្ធិសែននាងកង្រី» ឆ្នាំ១៩៦៧រឿង «អដ្ឋិសុវណ្ណចន្ទកេសរ» ឆ្នាំ១៩៦៩ រឿង«សម្គមបាញ់លលក» ឆ្នាំ១៩៧០រឿង«អនអើយស្រីអន» ឆ្នាំ១៩៧២រឿង”ចំណងដៃទឹកភ្នែក”ឆ្នាំ១៩៧៤រឿង”ឯណាប្រពន្ធខ្ញុំ”១៩៧៥រឿង”ភ្នំពរកូន” និងរឿង«សេះសមុទ្រ» (មិនទាន់បានបញ្ចាំង)។

ទោះបីជាឈានចូលដល់វ័យ៦៩ឆ្នាំ ក្តីក៏សម្រស់ រូបរាង និងកម្លាំងរបស់អ្នកស្រី ហាក់មិនថមថយទៅតាមវ័យដែរ ។ ក្នុងជំនួបផ្ទាល់ អ្នកស្រីលើកឡើងថា អ្នកស្រីមានបំណងវិលមករកការសម្តែងជាថ្មី នៅឱកាសល្អណាមួយ ។ អ្នកស្រីថាប្រសិនបើអាចឆ្នាំក្រោយៗនេះអ្នកស្រីចង់វិល មករកការសម្តែងណាមួយ ទៅតាមពេល និងកម្លាំងដែលមាន ប៉ុន្តែអ្នកស្រីមិនប្រាកដនៅឡើយថា ជាផលិតកម្មណា និងក្នុងតំណែងជាតួអង្គអ្វី។ អ្នកស្រីលើកឡើងដែរថា មិនត្រឹមតែជាការសម្តែងទេ សូម្បីតែជីវិតរស់នៅ ក៏អ្នកស្រីចង់វិលមករស់នៅកម្ពុជាដែរ ប៉ុន្តែដោយភារៈជួយមើលការខុសត្រូវកូនចៅជាច្រើន នៅប្រទេសបារាំង ធ្វើឲ្យអ្នកស្រីមិនអាចឆ្លៀតបាន។ អ្នកស្រីបញ្ជាក់ដែរថាក្នុងចំណោមកូនអ្នកស្រីគឺមានតែកូនប្រុសម្នាក់គត់ ដែលមាននិស្ស័យសិល្បៈ គឺគេកំពុងតែសិក្សាផ្នែកផលិតខ្សែភាពយន្តនៅហូលីវូដផងដែរ ។ តារាសម្តែងជើងចាស់រូបនេះ ក៏បានថ្លែងការកោតសរសើរដល់ផលិតករ សិល្បករជំនាន់ក្រោយដែលពួកគេមានសមត្ថភាពខ្ពស់ក្នុងការចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍សិល្បៈទី៧របស់ខ្មែរឲ្យកាន់តែមានភាពល្អប្រសើរឡើង ហើយថ្ងៃណាមួយអ្នកស្រីនិងបន្តចូលរួមបង្ហាញសមត្ថភាពសម្តែងដែលខកខានអស់ជាច្រើនទសវត្សរិ៍មកហើយសម្រាប់បម្រើការកម្សាន្តនិងការសំណូមពររបស់អ្នកគាំទ្រអ្នកស្រី៕ វឌ្ឍនា

 

12 55 44 33

66


ចែករំលែក៖