ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំខ្មែរ រឿង«ចន្ទ្រា» បានប្រកាសចាក់បញ្ចាំងនៅកម្ពុជាផ្លូវការហើយ បន្ទាប់ពីពីប្រកាសបើកសម្ពោធចាក់បញ្ចាំងនៅប្រទេសថៃ ។ ខ្សែភាពយន្តនេះ នឹងបន្តចេញទៅចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត នៃប្រទេសអូស្ត្រាលី និងឡាវ ក្នុងពេលឆាប់នេះផងដែរ ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្សារទំនើប TK Avenue ទួលគោកក្រោមវត្តមានសិល្បករ ផលិតករ ជាច្រើនរូបចូលរួម ។ ខ្សែភាពយន្តនេះ នឹងចាប់ផ្តើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗ នៅកម្ពុជាចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
រឿង«ចន្ទ្រា» គឺជាស្នាដៃទី២របស់ផលិតកម្ម Angkor Picture បន្ទាប់ពីខ្សែភាពយន្តដ៏ល្បីប្រចាំឆ្នាំ២០១៤រឿង”ស្បែកគង់”។ រឿងថ្មីនេះ បានប្រើរយៈពេលជិតមួយឆ្នាំក្នុងការផលិត និងជាការផលិតដោយយកចិត្តទុកដាក់ទាំងបច្ចេកទេសការជ្រើសរើសតួសម្តែងសាច់រឿង និងទីតាំងថត ។ រឿងនេះ ប្រើកាំមេរ៉ាទំហំ៤,៥ខេ និងសម្លេង Surround Sound 7.1ចូលរួមសម្តែងដោយតារាភាពយន្តល្បីៗ៤ជំនាន់ ។ លោក ប៉ុល វិបូ ហៅនីត អគ្គនាយកផលិតកម្មខាងលើបានបញ្ជាក់ថា លោកថា ភាពយន្តនេះបានចំណាយទុនជាង៣០ម៉ឺនដុល្លារ ខណៈប្រទេសថៃទទួលស្គាល់គុណភាពគុណខ្មែរហើយដោយនឹងចេញទៅចាក់បញ្ចាំងនៅក្នុងប្រទេសអូស្ត្រាលីប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ។
លោកលើកឡើងដែរថា កន្លងមកខ្សែភាពយន្តខ្មែរ ដែលទទួលបានការគាំទ្រច្រើនអាចរកប្រាក់ចំណូលបានប្រមាណ៣០ម៉ឺនដុល្លារអាមេរិកពីការចាក់បញ្ចាំងដែលវាអាចទូទាត់ជាមួយការចំណាយបានហើយលោកក៏រំពឹងទទួលបានប្រាក់ចំណេញពីការចាក់បញ្ចាំងនៅរោងភាពយន្តនៅបរទេស។លោកថាវាគឺជាមោទនភាពណាស់ដែលខ្សែភាពយន្តដ៏ល្អប្រណីតរបស់កម្ពុជាមួយនេះត្រូវបានចែកចាយដោយភាពយន្តបរទេសទិញដើម្បីយកចាក់បញ្ចាំងនៅរោងភាពយន្តបរទេស ។
គួរបញ្ជាក់ដែរថា តារាសម្តែងក្នុងខ្សែភាពយន្តនេះ មានដូចជាកញ្ញា ម៉ាក សែនសូនីតា អ្នកនាងចន ច័ន្ទលក្ខិណា លោកញ៉ែមសុគន្ធលោកទេព រិន្ទដារ៉ូ នាយ ក្រូច អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ្ឍ និងតារាសម្តែងតារាកំប្លែងជាច្រើនរូបទៀត ។ សិល្បករដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ បានបង្ហាញពីមោទនភាពចំពោះខ្សែភាពយន្ត ដែលមានគុណភាពស្តង់ដា និងមានឱកាសចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តបរទេសបាន ។ ពួកគេរំពឹងដែរថា ខ្សែភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើនលើសលប់ពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ៕ វឌ្ឍនា