ភ្នំពេញ៖ កាលពីពេលថ្មីៗនេះសារព័ត៌ មានដ៏ល្បីរបស់អង់គ្លេសគឺ Dailymail បានធ្វើការចុះផ្សាយពីព័ត៌មានមួយដែលទាក់ទៅនឹងក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ត្រូវបាន ប៉ូលិសចាប់ឃុំឃាំងព្រោះតែនាងបានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន។
ការសែតដដែលនេះបានរៀបរាប់ថា ក្មេងស្រីដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា ឆាយ រស្មី (Chhay Reaksmey) មានអាយុ១៣ឆ្នាំ ហើយនាងធ្លាប់ត្រូវបាននគរបាលចាប់ខ្លួនម្ដងរួចមកហើយកាលពីអាយុ១២ឆ្នាំពីបទល្មើសដូចគ្នានេះនិងបានបញ្ជូនទៅមណ្ឌលកែប្រែអស់២ទៅ៣ខែ ប៉ុន្តែបន្ទាប់ពីចេញពីមណ្ឌលកែប្រែនាងក៏បានប្រកបមុខរបរដដែលនេះបន្តទៀតរហូតត្រូវបាននគរបាលចាប់ខ្លួនជាថ្មីនិងដាក់ពន្ធ នាគារកាលពី៨ខែមុននេះ។
ចំណែកឯម្ដាយរបស់ក្មេងស្រីម្នាក់នេះ អ្នកស្រី សេង លីវ (Seng Live) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា កូនស្រីរបស់គាត់មានអាយុទើបតែ១៣ឆ្នាំទេ ប៉ុន្តែនគរបាលបានចាប់នាងក្រោមការប្រើប្រាស់ឈ្មោះបងស្រីរបស់នាងដែលមានអាយុ ២០ឆ្នាំ។
មេធាវីរបស់នាងឈ្មោះ អ៊ុក វ៉ាន់ដេត បានហៅការចាប់នាងដាក់ពន្ធនាគារនេះគឺជារឿងខុសច្បាប់។លោកបានបន្តថា ហេតុអ្វីក៏នគរបាលបានចាប់នាងហើយដាក់អាយុនាងថា២០ឆ្នាំនាងមើលទៅក្មេងណាស់ មិនសមអាយុ២០ឆ្នាំនោះទេនាងនៅជាក្មេងលេងកៅស៊ូនៅឡើយទេ។ បើតាមអាយុ ពិតរបស់នាងគឺមិនទាន់ត្រូវបានច្បាប់កាត់ទោសឲ្យជាប់ពន្ធនាគារនោះទេ។
ទាក់ទងនឹងបញ្ហានេះក្រុមអ្នកច្បាប់បាននិយាយថា បើសិនជា ឆាយ រស្មី ពិតជា មានអាយុ១៣ឆ្នាំពិតប្រាកដមែនតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាការចាប់នាងដាក់ពន្ធនាគារគឺជារឿងខុសច្បាប់ ប៉ុន្តែគេមិនទាន់ប្រាកដនៅឡើយថានាងពិតជាមានអាយុ១៣ឆ្នាំដូចជាអ្វីដែលម្ដាយក៏ដូចជាមេធាវីរបស់នាងបាននិយាយហើយរងការទម្លាក់កំហុសឬក៏នាងមានអាយុលើសពីនេះ ប៉ុន្តែម្ដាយរបស់នាងមិនបានកុហកនោះទេ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយការចុះផ្សាយមានអ្នកដែលចូលមើលជាច្រើនបានបញ្ចេញមតិនៅខាងក្រោមអត្ថបទនេះ បែបមិនពេញចិត្តនឹងការចាប់ខ្លួនក្មេងស្រីម្នាក់នេះដោយពួកគេយល់ថានាងពិតជានៅក្មេងណាស់ប្រហែលជាមិនដឹងថាការធ្វើបែបនេះប៉ះពាល់យ៉ាងណាខ្លះនោះទេ ៕ សហការី