ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប បានរងរបួសធ្ងនមធ្ងរហូរឈាមស្រោចពេញខ្លួន បន្ទាប់ពីមានជនសង្ស័យ២នាក់បានប្រើល្បិចអោយឌុបមកកន្លែងស្ងាត់ ហើយបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច គេចខ្លួនដោយសុវត្ថិភាព ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងសង្កាត់ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ក្រឹង ចេង អាយុ២៧ឆ្នាំ មុខរបរអ្នករត់ម៉ូតូ ស្នាក់នៅផ្សារម្ដុំផ្សារទំពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិឆាឆយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំណែកឯម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីម២០០៦ឡើងតែម២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B.9606 ។
បើតាមសម្តីរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់បានហៅអោយគាត់ឌុបពីផ្សារត្រពាំងថ្លឹង ទៅវត្តឬស្សីសាញ់ដោយអោយក្នុងតំលៃ១៥០០០រៀល ខណះមកដល់ចំណុចកើតហេតុដែលជាកន្កែងស្ងាត់ ជនសង្ស័យបានអោយឈប់ម៉ូតូ ហើយបានធ្វើសកម្មភាពវាយមកលើគាត់យ៉ាងដំណំ បណ្តាលអោយបែកក្បាល មុខមាត់ រងរបួសធ្ងន់ធ្ងរ រួចពួកគេនាំគ្នាយកម៉ូតូគេចខ្លួនបាត់។ ក្រោយមកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបទៅដាក់ពាក្យបណ្តឹងនាពេលក្រោយ។
សូមបញ្ជាក់ផងដែរថា ក្នុងករណីវាយប្លន់ខាងលើនេះ គឺកើតហេតុក្បែរគ្នានឹងព្រហ្មប្រទល់ជាមួយខណ្ឌដង្កោ និងខណះពេលដែលសមត្ថកិច្ច និងអាវុធហត្ថខណ្ឌជាច្រើននាក់ ចុះទៅពិនិត្យមើលករណីបុរសម្នាក់ជិះម៉ូតូធ្លាក់ប្រឡាយបណ្តាលអោយស្លាប់។ បើទោះបីជាមិនមែនភូមិសាស្រ្តរបស់ខ្កួនមែន តែក្បែរគ្នានិងជិតសមត្ថកិច្ចសោះបែរជាជនសង្ស័យប្លន់យកទៅបាត់ដោយសុវត្ថិភាព ក្រោយគូទសមត្ថកិច្ចទៅវិញ ៕ សុខាសែនជ័យ