ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបរទេស២នាក់ត្រូវរថយន្ដកាមរីបាឡែនបើកបុកត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យម្នាក់របួសបាក់ជើងស្ដាំខ្ទេច​ និងម្នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះដោយបុរសជនជាតិបរទេស២នាក់ឌុបគ្នា បណ្ដាលអោយម្នាក់រងរបួសបាក់ជើងខាងស្ដាំខ្ទេច ចំណែកឯម្នាក់ទៀតរងរបួសស្រាល ហើយរថយន្ដបានព្យាយាមបន្តបើកគេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមឃាត់ជាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលម៉ោង១២និង១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១កែងផ្លូវលេខ២៩៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

រថយន្ដបង្កម៉ាក កាមរីបាឡែន ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AJ-2273 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយនារី២នៅ៣នាក់ក្នុងរថយន្ដ។ ចំណែកម៉ូតូជនរងគ្រោះម៉ាក រីប៊ែល ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BE-8341 ជិះដោយបុរសជាជនជាតិបរទេស២នាក់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺជនរងគ្រោះធ្វើដំណើរតាមបណ្ដោតផ្លូវលេខ៥១ ទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៩៤ ទិសដៅពីកើតទៅលិចបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលអោយភាគីខាងម៉ូតូម្នាក់រងរបួសបាក់ជើងខាងស្ដាំខ្ទេច រីឯម្នាក់ទៀតរងរបួសស្រាល ។

ប្រភពបានបន្តថា ក្រោយពីបង្កហេតុរួចរថយន្ដបានព្យាយាមបើកគេចខ្លួនទាំងម៉ូតូអូសជាប់ក្រោមរថយន្ដរហូតមកដល់ផ្លូវលេខ៣២២ទើបម៉ូតូខ្ទាតចេញពីរថយន្ដ ហើយរថយន្ដបានបន្ថែមល្បឿនរត់គេចតែត្រូវសមត្ថកិច្ចជិះម៉ូតូប្រដេញរហូតដល់ខាងក្រោយវត្តមហាមន្ត្រីទើបឃាត់បានទាំងម្ចាស់និងរថយន្តតែម្ដង ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្ដបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ់ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ

img_5635


ចែករំលែក៖