ខេត្តកណ្តាល៖ កម្មករ កម្មការិនីជាង៥០០នាក់បាននាំគ្នាប្រមូលផ្តុំនៅមុខតុលាការខេត្តកណ្តាល ដើម្បីរង់ចាំស្តាប់ការដោះស្រាយរបស់តុលាការពាក់ព័ន្ធការបើកប្រាក់ខែ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចមុខតុលាការ ខេត្តកណ្តាល ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករ-កម្មការិនី មកពីរោងចក្រ ហ្គ្រេនអននើរ ចំនួនប្រមាណជាង ៥០០នាក់ តំណាងឲ្យ ៩២០នាក់ មកពីភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានប្រមូលផ្តុំគ្នានៅមុខតុលាការ ដើម្បីរង់ចាំស្ដាប់ការដោះស្រាយរបស់តុលាការ ដែលក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យពួកគាត់ ។
ក្រុមកម្មករបាននិយាយថា ថៅកែក្រុមហ៊ុនបានគេចខ្លួនចេញពីរោងចក្រ មិនដោះស្រាយជូនពួកគាត់នោះឡើយ ។
តុលាការបានបំភ្លឺថា សាលាខេត្តកណ្ដាលមិនទាន់បញ្ជូនសំណុំរឿងរោងចក្រ ហ្រេ្វនអននើរ មកឲ្យតុលាការទេ ហើយកម្មករ ក៏នាំគ្នាមកសាលាខេត្តកណ្ដាលនៅវេលាម៉ោង១៤និង៥០នាទី រង់ចាំការបំភ្លឺពីលោកអភិបាលខេត្តកណ្ដាលវិញ ៕