ភ្នំពេញ៖ ទូហ្គេមភ្លោះចំនួន១ទូ និងមនុស្សចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងទីតាំងវេរលុយវីង ដែលបង្កប់ប្រភេទល្បែងស៊ីសង មានទូហ្គេមបាញ់ត្រី កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រតិបត្តិការនេះដឹកនាំដោយលោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាង លោក បុឹល កុសល់ អភិបាលខណ្ឌសែនសុខ។ បន្ទាប់ពីទទួលព័ត៌មានថា ទីតាំងវេលុយវីងយីហោ អាស៊ី ខាងលើមានបង្កប់នូវប្រភេទល្បែងស៊ីសងជាទូហ្គេមបាញ់ត្រី ទើបលោកអភិបាលរង បានដឹកនាំកំលាំងចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែង។
លោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌបានអោយដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ឡុង សុីណា ភេទស្រី ហើយលោកនឹងកោះហៅអោយស្រ្តីជាម្ចាស់ផ្ទះនេះមកចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ច។
ក្នុងនោះជាលទ្ធផល សមត្ថកិច្ចដកហូតទូហ្គេមបាញ់ត្រីភ្លោះចំនួន១ទូយកមករក្សាទុកនៅសាលាខណ្ឌសែនសុខរងចាំធ្វើការវាយកំំទិចចោលនាពេលក្រោយ។
ដោយឡែកជនសង្ស័យដែលជាអ្នកចូលលេងទាំង៧នាក់មិនត្រូវបានឃាត់ខ្លួនទេដោយធ្វើការអប់រំអោយទៅផ្ទះវិញ។
គួរបញ្ជាក់ថា រាល់ការចុះបង្ក្រាបភាគច្រើនឃាត់ខ្លួនតែជនសង្ស័យ ដោយឡែកម្ចាស់ទីតាំង ថៅកែហាក់ដូចជាពុំមានវិធានការឃាត់ខ្លួន បើទោះជាអត្តសញ្ញាណពួកគេអាចនឹងត្រូវរកឃើញតាមរយៈអាស្រយដ្ឋាននោះក៏ដោយ។ បញ្ហានេះក៏ជាឧបសគ្គក្នុងវិធានការបង្ក្រាបមិនប្រសិទ្ធភាព ក៏ដូចជាបង្កឲ្យបទល្មើសដដែលៗនេះបង្កកើតមាន៕ តុង សីហា