អធិការបតីអាល្លឺម៉ង់ លោកស្រីអែនហ្គេឡា ម៉ាគែល កាលពីថ្ងៃទី១៩ ខែកញ្ញា បានទទួលស្គាល់ពីភាពបរាជ័យនៅក្នុងការបោះឆ្នោត ទីក្រង Berlin កាលពីថ្ងៃទី១៨ ខែកញ្ញា។ ទន្ទឹមនឹងនោះលោកស្រីបានទទួលស្គាល់ពីនយោបាយខុសឆ្គងនៅក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួនកាលពីឆ្នាំ២០១៥ ។
កាលពីថ្ងៃទី១៨ ខែកញ្ញា គណបក្សសម្ព័ន្ធមិត្តកាន់អំណាច គឺគណបក្ស ប្រជាធិបតេយ្យគ្រឹស្ត CDU និងគណបក្សសង្គមប្រជាធិបតេយ្យ SPD បានទទួលស្គាល់នៅការបរាជ័យរបស់ខ្លួន ក្នុងការបោះឆ្នោត នៅទីក្រុងប៊ែកឡាំ ដោយគណបក្សប្រឆាំងទាំងពីរបានទទួលជ័យជំនៈ ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី១៩ ខែកញ្ញា លោកស្រីម៉ាគែលបញ្ជាក់ថា នឹងបន្តសកម្មភាពដើម្បីធានាមិនឲ្យមានភាពចលាចលនៅតាមព្រំដែនអាល្លឺម៉ង់ ដូចកាលពីឆ្នាំ២០១៥ ទៀតឡើយ ។ ប៉ុន្តែពេលខ្លះក៏មិនអាចទប់ស្កាត់ស្ថានភាពបានទាំងស្រុងឡើយ ។ លោកស្រីម៉ាគែល បញ្ជាក់ទៀតថា គ្មានអ្នកណាម្នាក់ចង់ឲ្យមានស្ថានភាពកើតឡើងដូចកាលពីឆ្នាំ២០១៥នោះឡើយ ។
ទោះបីបែបណាក្តី លោកស្រីម៉ាគែល មិនផ្លាស់ប្តូរការសម្រេច បើកទ្វារព្រំដែនសម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់ ដែលកំពុងតែជាប់គាំងនៅតំបន់ Keleti និង Buddpest ដែលរដ្ឋាភិបាលបានសម្រេចកាលពីខែកញ្ញា ឆ្នាំ២០១៥ ។ លោកស្រីម៉ាកគែល បញ្ជាក់ថា ពិតជាមានការខុសឆ្គង សម្រាប់ផ្ទាល់ខ្លួនលោកស្រីនិងរដ្ឋាភិបាល ដែលគ្មានភាពរហ័សរហួនគ្រប់គ្រាន់ទប់ស្កាត់ជនភៀសខ្លួនទ្រង់ទ្រាយធំពីតំបន់មជ្ឈិមបូព៌ាចូលមកអឺរ៉ុប ។
ជាមួយគ្នានេះ លោកស្រី ក៏បានច្រានចោលការចោលសំណើរបស់គណបក្ស ប្រឆាំងស្តីពីការកំណត់ចំនួនជនអន្តោប្រវេសន៍ចូលក្នុងប្រទេសអាល្លឺម៉ង់នាឆ្នាំ២០១៦ ៕ ម៉ែវ សាធី