ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះក្លាយជាជនជាប់ចោទករណីគេព្រួតវាយ ៖ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមថ្ងៃទី៥តុលា

ចែករំលែក៖

ភ្នំពេញ: ជនរងគ្រោះក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបានក្លាយខ្លួនជាជនជាប់ចោទ ត្រូវប្រឈមមុខនឹងចំណាត់ការតុលាការ ។ ពួកគេទាំង៥នាក់ ចាត់ទុកថាចំណាត់ការរបស់តុលាការមានភាពអយុត្តិធម៌ ដោយស្នើឲ្យតុលាការផ្តល់យុត្តិធម៌។

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មកបើកសវនាការជំនុំជម្រះ ដោយមានលោកស្រី ថ្លាង ផាណែត ជាចៅក្រមជំនុំជម្រះ និង លោក គង់ សំសារ៉េត ជាតំណាងអយ្យការ ។ ប៉ុន្តែក្រោយការសួរដេញដោលជាច្រើនម៉ោង តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះវិញ ។

សំណុំរឿងនេះ មានជនជាប់ចោទសរុបចំនួន១២នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ទៅវិញទៅមក ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ 80DZ ផ្លូវលេខ២២៧ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប៉ុន្តែជាក់ស្តែង នាពេលសវនាការមានតែជនជាប់ចោទ៥នាក់ប៉ុណ្ណោះដែលចូលរួមសវនាការ រីឯ៧នាក់ទៀតពុំមានវត្តមានទេ តែមានមេធាវីការពារក្ដី ។ ជនជាប់ចោទទាំង៥នាក់នេះ ហើយ ដែលអះអាងថាខ្លួនជាជនរងគ្រោះក្នុងអំពើនេះ តែបែរជាត្រូវតុលាការចោទប្រកាន់ទៅវិញ ។

មនុស្សទាំង៥នាក់នេះមានឈ្មោះ មិន ឈីវ ភេទប្រុស អាយុ៦២ឆ្នាំ ឈ្មោះ វ័រ សាអែម ភេទស្រី អាយុ៥៨ឆ្នាំ ឈ្មោះ មិន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ឈ្មោះ មិន សុធា ភេទប្រុស អាយុ២៦ឆ្នាំ និង ឈ្មោះ មិន សោភ័ណ្ឌ ភេទស្រី អាយុ២៤ឆ្នាំ ។ ពួកគេទាំង៥នាក់ជាក្រុមគ្រួសារនឹងគ្នា ។

នាពេលសវនាការពួកគេបានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា កាលពីវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមគ្រួសារឈ្មោះ ពក ដែលមានគ្នាជាង១០នាក់ មានកម្មវិធីអង្គុយផឹកស៊ីនៅមុខផ្ទះឈ្មោះ រិទ្ធ ទល់មុខផ្ទះឈ្មោះ ពក រហូតដល់ម៉ោងប្រហែល៨យប់ ស្រាប់តែឈ្មោះ ខ្ចង ដើរមកបត់ជើងតូចដាក់ជញ្ជាំងខាងមុខផ្ទះពួកគេ ក្នុងខណៈពេលដែលពួកគេកំពុងហូបបាយជុំគ្នា ។ ពេលនោះពួកគេបានទៅសួរនិងហាមមិនឲ្យបត់ជើងតូចបែបនេះព្រោះឆ្អេះ ដោយឲ្យទៅនោមនៅបង្អង់ត្រឹមត្រូវ តែឈ្មោះ ខ្ចង បានប្រើពាក្យសម្ដីប្រមាថមើលងាយយ៉ាងខ្លាំង រួចក៏មានការឈ្លោះប្រកែកគ្នា

ពួកគេ និយាយក្នុងសវនាការទៀតថា ស្រាប់តែឈ្មោះ ពក និងក្រុមគ្រួសារទាំងអស់ចេញមកជេរប្រទេច និង ប្រមាថដល់អាយុជីវិត រួចបានគប់ដុំថ្មនិងកាន់ដំបងឈើជ្រុងមកវាយកំទេចរបស់របរឆ្នាំងបាយ ព្រមទាំងវាយជញ្ជាំងផ្ទះ កញ្ចក់ទូ និង របស់ផ្សេងៗទៀត ។ ក្រោយមកទៀត ឈ្មោះ ពក និង ក្រុមគ្រួសារ បានសម្រុកចូលវាយដោយមានដំបងឈើ ដុំថ្ម ដែកបំពង់ទីប និង កាំបិតជាដើម ធ្វើឲ្យពួកគេរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ជាចុងបញ្ចប់ ពួកគេទាំង៥នាក់ បានសំណូមពរឲ្យតុលាការផ្តល់យុត្តិធម៌ដល់ពួកគេ និងទាមទារសំណងជំងឺចិត្តថ្លៃខូចខាតសម្ភារៈនិងព្យាបាលជំងឺសរុបចំនួនមួយម៉ឺនដុល្លារអាមេរិក ។

ទោះបីយ៉ាងណា ភាគីម្ខាងទៀត តាមរយៈមេធាវីបានបដិសេធថា នេះជាករណីហិង្សាវាយតប់គ្នាទៅវិញទៅមក ៕ ចេស្តា

ww fd


ចែករំលែក៖