ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចោទប្រកាន់លោកស្រី ថាក់ ឡានី បញ្ជូនទៅជំនុំជម្រះផ្ទាល់

ចែករំលែក៖

ភ្នំពេញ ៖ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញសម្រេចចោទប្រកាន់ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី រួចបានបញ្ជូនទៅជំនុំ ជម្រះផ្ទាល់តាមបណ្តឹងរបស់មេធាវីតំណាង ដោយអាណត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី និងជាព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះផ្ទាល់គឺលោក លី សុផាណា បាន បញ្ជាក់តាមបណ្ដាញសង្គម Telegram កាលពីរសៀលថ្ងៃទី២២ ខែកញ្ញាថា “អយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ជូនសំណុំរឿងដែលសម្តេច តេជោ ហ៊ុន សែន ប្តឹងពីឈ្មោះ ថាក់ ឡានី ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញតាម ដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ដោយចោទប្រកាន់លើឈ្មោះ ថាក់ ឡានី ពីបទ បរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរីកាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌ” ។

លោក លី សុផាណា បញ្ជាក់បន្ថែមថា សាលាដំបូងនឹងកំណត់កាលបរិច្ឆេទសវនា ការនាពេលក្រោយ ហើយនឹងជូនដំណឹង អំពីសវនាការនេះនៅពេលទទួលបានកាលបរិច្ឆេទច្បាស់លាស់ ។

ដោយឡែកករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលសម្តេច តេជោប្តឹងដែរនោះនៅពុំទាន់មានការបញ្ជាក់ ពីលោក លី សុផាណា ថាសម្រេចយ៉ាងណា នៅឡើយទេ ។

គួរបញ្ជាក់ថា លោក គី តិច មេធាវី តំណាងសម្តេចតេជោចាត់ទុកថា ការចោទ ប្រកាន់មកលើសម្តេចជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្ម បាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆេះ កំហឹងមហាជនដែលអាចបង្កឲ្យមានចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការទៀតផង។

ក្នុងនោះសម្ដេចតេជោសំណូមពរឲ្យ តុលាការផ្ដន្ទាទោសជនសង្ស័យតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល តែប៉ុណ្ណោះ ៕ ហេង សូរិយា

 

tak-lani

 


ចែករំលែក៖