ខេត្តស្វាយរៀង៖ ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌស្របតាមទំនៀមទម្លាប់ប្រពៃពណីខ្មែរ និងចូលរួមគោរពលើកតម្កើងវិស័យព្រះពុទ្ធសាសនា ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅកុដលេខ២៤ នៃវត្តនាគវ័ន្ត នារាជធានីភ្នំពេញ លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេង អភិវឌ្ឍន៍ រួមទាំងពុទ្ធបរិស័ទបានរួមគ្នា រៀបចំពិធីកាន់បិណ្ឌវេនទី៦ នៅវត្តចំនួន១២ នាខេត្តស្វាយរៀង ។
កម្មវិធីនាំយកទេយ្យទាន បច្ច័យជាច្រើនទៅវេរប្រគេនជូនទីអារ៉ាមនានាទាំង១២វត្តនៃស្រុកស្វាយជ្រុំ ។ ឱកាសដាក់បិណ្ឌនេះ បានរៀបចំប្រារព្ឋឡើងកាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមភូមិស្រុកមួយចំនួន នាខេត្តស្វាយរៀង ។
ពិធីនេះ មានការចូលរួមពីលោកស្រីឧកញ៉ាសៀង ចាន់ហេង ព្រមទាំងឧបាសិកា សៀង សុខហឿង ត្រូវជាម្តាយ និងលោកស្រីឌួង វណ្ណា តំណាងរាស្ត្រ នៃខេត្តស្វាយរៀងរួមទាំងញាតិញោមពុទ្ឋបរិស័ទជាច្រើនរូបផងដែរ ។
នាពិធីនោះ អ្វីដែលបានបង្ហាញពីសភាពពិសេសប្លែក គឺក្នុងរយៈពេលតែមួយថ្ងៃកម្មវិធីបានរៀបចំសម្រេចគោលដៅ ដាក់បិណ្ឌតាមវត្តនៅតាមភូមិឃុំនានារហូតបានដល់ចំនួន១២វត្ត ។ លើសពីនេះ យើងសង្កេតឃើញថា វត្តទាំង១២នាខេត្តស្វាយរៀងមានវត្តខ្លះទ្រុតទ្រោមតាមផ្នែកខ្លះ និងខ្លះខ្វះអណ្តូងទឹក ក៏ត្រូវបានម្ចាស់ទានជួយឧបត្ថម្ភតាមសទ្ឋាជ្រះថ្លាចេញពីចិត្តជួយកសាងធ្វើឲ្យព្រះសង្ឃមានចិត្តត្រេកអរផងដែរ ក្រោយម្ចាស់ជំនួយបើកចិត្តទូលាយ ។
ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ ដែលព្រះអង្គបានផ្តួចផ្តើមកម្មវិធីខាងលើមានសង្ឃដីកាថា កម្មវិធីបុណ្យនេះត្រូវបានជួយឧបត្ថម្ភ សហការជាមួយលោកស្រីឧកញ៉ា សៀង ចាន់ហេង ដោយបានរៀបចំបណ្តាចង្ហាន់ជាច្រើន និងទេយ្យវត្ថុមានជាគ្រឿងឧបភោគបរិភោគមួយចំនួនយកមកវេប្រគេនជូនព្រះសង្ឃយាយជី តាជី គង់តាមបណ្តាវត្តជាច្រើននាខេត្តស្វាយរៀង ។
តាមទិសដៅក្រុមការងារបានដាក់ចិត្តដាក់កាយធ្វើយ៉ាងណាខិតខំសម្រេចគោលដៅដាក់បិណ្ឌឲ្យបាន១២វត្តនៅតំបន់នេះយោងលើផ្លូវឆ្ងាយ និងមានចំនួនពុទ្ឋបរិស័ទទៅមិនបានច្រើនគ្នា ។ ម្ល៉ោះហើយគួបផ្សំនៅខេត្តស្វាយរៀងនេះ ជាទឹកដីកំណើតរបស់ព្រះអង្គផង ទើបរៀបចំក្នុងឱកាសថ្ងៃកាន់បិណ្ឌនារដូវភ្ជុំបិណ្ឌនេះតែម្តងស្របពេលលោកស្រីឧកញ៉ាសៀង ចាន់ហេង និងអ្នកម្តាយ ក៏មានទឹកចិត្តមកធ្វើបុណ្យជាមួយអាត្មា ចំណាយទឹកប្រាក់ជាច្រើនផងទើបសម្រេចគោលដៅ ។
ព្រះតេជគុណដែលតែងតែរំលេចការចែកទាន មិនប្រកាន់ជនទីទ័លក្រ បានបន្តទៀតថា ជាលទ្ធផល គឺទទួលបានជោគជ័យជាស្ថាពរតាមគោលដៅហើយញាតិញោម ក៍ពេញចិត្តទាំងអស់គ្នាគ្រាអំណោយជាច្រើនបានទៅដល់ដៃប្រជាជននិងព្រះសង្ឃទោះផ្លូវំបាកពីភូមិមួយទៅភូមិមួយ ។ អ្វីកាន់តែពិសេសគឺអាកាសធាតុគឺអំណោយផលណាស់ដូចបុណ្យជួយវិញ គឺមិនមានភ្លៀងរហូតទាល់តែអស់កម្មវិធីទើបព្រះភិរុណ បង្អុរមកយ៉ាងជោគជាំតែម្តង ។
លោកស្រីឧកញ៉ាសៀង ចាន់ហេង បានមានប្រសាសន៍ថា នេះជាឱកាសធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ឋសាសនានាឱកាសភ្ជុំបិណ្ឌ ។ តាមរយៈការរៀបចំថ្ងៃពិសេសនេះ សូមឧទ្ទិសជូនពរជ័យដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ជួបប្រទះតែសេចក្តីសុខ ហើយនឹងនៅតែនាំគ្នាលើកស្ទួយវិស័យព្រះពុទ្ឋសាសនា របស់ដូនតាយើង តាំងតែពីដើមមកផងដែរ ។ វត្តទាំង១២នា ខេត្តស្វាយរៀង ដែលពុទ្ឋបរិស័ទទាំងអស់រួមគ្នាចូលរួម មានវត្តស្វាយជ្រំ វត្តស្វាយព្រហូតវត្តចារ វត្តស្វាយផ្អែម វត្តស្វាតសណ្តោត វត្តសូរ វត្តបល្ល័ង ជាវត្តប្រាសាទ (ក្តីស្លា) វត្តព្រៃបន្ទាយ វត្តអង្គរស វត្តឈូកមាស និងវត្តស្វាយយា ជាដើម ៕ វឌ្ឍនា