ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់ត្រូវបានដឹកយកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីយុវជនរងគ្រោះទាំង២នាក់បានជិះម៉ូតូបុកគ្នាពេញមួយទំហឹង នៅលើផ្លូវកៅស៊ូ ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ លី ហៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរងរបួសធ្ងន់ និង ម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេរងរបួសធ្ងន់ធ្ងរសន្លប់គ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ លី ហៀង បានបើកម៉ូតូរបស់ខ្លួនម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខភ្នំពេញ ១AW-៤៥៨១ ក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង១A-៧១៦៧ បើកយ៉ាងលឿន ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា នៅពេលមដល់ចំណុចកើតហេតុក៍ជ្រុលទៅបុកម៉ូតូហុងដាវ៉េវ ពេញមួយទំហឹងបណ្តាលប៉ើងខ្ទាត ជនរងគ្រោះបោកទៅនឹងថ្នល់កៅស៊ូ រងរបួសន្លប់ស្តូកស្តឹងតែម្តង ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកមធ្យោបាយបង្ករយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា