ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី១៣៥នាក់ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំរកាជន្លឹង

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយ លោក អ៊ឹម សិទ្ធីរ៉ា អនុប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល កាលពីថៃ្ងទី២៥ ខែ កញ្ញា បាននាំយកក្រុមក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន១៣៥នាក់ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុង ឃុំ រកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោក លេង ផាលី ប្រធានក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានអោយដឹងថា សកម្មភាពចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន របស់ក្រុមគ្រូពេទ្យឯកឧត្ដម ហ៊ុនម៉ានី គិតត្រឹមថៃ្ង ទី២៥ ខែ កញ្ញានេះគឺបានចំនួន៥៥លើក ក្នុងនោះ ចំនួនប្រជាជនទទួលបានការព្យាបាលសរុបជិត៦ម៉ឺននាក់ ដោយក្រុមគ្រូពេទ្យស្ម័គ្របានចុះទៅកាន់តំបន់ឆ្ងាយ និងដាច់ស្រយ៉ាល់ ដូចជា កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ខេត្តបាត់ដំបង ព្រៃវែង តាកែវ ខេត្តព្រះវិហារ ខេត្តកំពត និងខេត្តកណ្តាល។

លោកបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ ទទួលបានការឧបត្ថម្ភថ្នាំពេទ្យទាំងស្រុងពីលោក ហ៊ុនម៉ានី តំណាងរាស្ត្រ ខេត្តកំពង់ស្ពឺ។

លោក បន្ថែមទៀតថា ការចុះពិនិត្យព្យាបាលនេះបានធ្វើឡើងដោយចិត្តមនុស្សធម៌ មិនគិតកេងរកផលចំនិញពីប្រជាពលរដ្ឋឡើយ ហើយក៏មិនប្រកាន់និន្នាការនយោបាយឡើយ។

លោក អ៊ឹម សិទ្ធីរ៉ា ក្នុងនាមមន្ត្រីថ្នាក់មូលដ្ឋាន បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យលោក ហ៊ុនម៉ានី ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តចុះមកធ្វើសកម្មភាពមនុស្សធម៌ ជួយព្យាបាលជូនប្រជាពលរដ្ឋ ដោយមិនគិតពីផលប្រយោជន៍ គឺធ្វើអ្វីៗដើម្បីប្រជាជន និងយល់ពីសេចក្តីត្រូវការរបស់ប្រជានជននៅតាមតំបន់ដាច់ស្រយ៉ាល។

លោក បានចាត់ទុកការងារមនុស្សធម៌របស់ក្រុមគ្រូពេទ្យ លោក ហ៊ុន ម៉ានី គឺជាការងារមនុស្សធម៌មិនអាចកាត់ថ្លៃបាន ពោលគឺធ្វើដើម្បីរាស្ត្រ និងអភិវឌ្ឍន៍ប្រទេស ។

ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលបាននិយាយថា សកម្មភាពចុះព្យាបាលដល់មូលដ្ឋាន ពីក្រុមគ្រូពេទ្យលោក ហ៊ុនម៉ានី គឺជួយសម្រាលបន្ទុកលើសេវាព្យាបាលនៅក្នុងក្រុមគ្រួសារគត់បានច្រើន។

សកម្មភាពចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នឹងបន្តទៅកាន់តំបន់ឆ្ងាយទៀត ក្នុងគោលដៅជួយលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើសេវាសុខាភិបាល ៕

aes aes-1


ចែករំលែក៖